ឧកញ៉ា ម៉ុង ឫទ្ធី ចង់សម្រេចបំណងប្រាថ្នាមួយ
- 2019-04-05 08:33:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ម៉ុង ឫទ្ធី ចង់សម្រេចបំណងប្រាថ្នាមួយ
ចន្លោះមិនឃើញ
បំណងប្រាថ្នារបស់សេដ្ឋីផ្នែកកសិឧស្សាហកម្មដ៏ល្បីឈ្មោះនៅកម្ពុជា ឧកញ៉ា ម៉ុង ឫទ្ធី គឺចង់ឲ្យប្រជាជនកម្ពុជា រួចចាកផុតពីភាពក្រីក្រ និងចង់ឲ្យកម្មករស្នាក់នៅផ្ទះថ្ម ហើយទទួលបានប្រាក់ខែលើសពី ៥០០ដុល្លារ ក្នុងពេលដែលលោកនៅមានជីវិត។
លោកឧកញ៉ា ម៉ុង ឫទ្ធី បាននិយាយថា៖ “ខ្ញុំអត់ចង់បានអីទៀតទេ ចង់ឲ្យតែប្រជាជនយើងចាកផុតពីភាពក្រីក្រ លំបាកខ្លាំង... ហើយខ្ញុំមិនចង់ឲ្យប្រជាជនចំណាកស្រុកទៅធ្វើការនៅបរទេស ប្រាក់ខែតិច ហើយហានិភ័យខ្ពស់ទេ... បើថាទៅ ទៅជាកម្មករជំនាញ ហ្នឹងខ្ញុំគាំទ្រ ប៉ុន្តែបើទៅជាជាកម្មករកាច់ពោត ដកដំឡូងមីទេ ដូចជាគួរតែបង្កើតការងារក្នុងស្រុកឲ្យគាត់ធ្វើវិញល្អជាង"។
យ៉ាងណាក្ដី អ្នកជំនួញផ្នែកកសិឧស្សាហកម្មរូបនេះ បានអះអាងថា គ្មាននរណាអាចដោះស្រាយបញ្ហារួចតែម្នាក់ឯងឡើយ គឺត្រូវមានការចូលរួមសហការគ្នា ជាពិសេសឧកញ៉ា និងអ្នកមានទ្រព្យធនទាំងឡាយ អាចបង្កើតការងារកាន់តែច្រើនដល់ប្រជាជន ដើម្បីកុំឲ្យពួកគាត់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទៀត។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា បច្ចុប្បន្នជំនួញគ្រប់ប្រភេទរបស់លោកឧកញ៉ា បានផ្ដល់ការងារដោយផ្ទាល់ដល់ប្រជាជនកម្ពុជាប្រហែល ១ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ផ្សេងទៀត។ បំណងរបស់លោក គឺចង់ឲ្យកម្មករទាំងអស់ ទទួលបានប្រាក់ខែលើសពី ៥០០ដុល្លារ នៅពេលដែលលោកនៅមានជីវិត។
“បើនិយាយពីប្រាក់ខែកម្មករឲ្យបានលើសពី៥០០ សម្រាប់ពេលដែលខ្ញុំនៅមានជីវិត ហើយបើសិនណាជាអាចធ្វើបានដូចខ្ញុំសព្វថ្ងៃ អាហារ ៣ពេល ផ្ទះថ្មស្នាក់នៅគ្រប់គ្នាចឹងទៅ ហើយឈឺមានពេទ្យមើល មានវត្តអារាម ហើយនៅកន្លែងចិញ្ចឹមជ្រូកនោះ គឺថាមានគេបោកខោអាវឲ្យទៀតចឹងទៅ... គ្នាមិនមែនសេដ្ឋី ក៏មិនមែនអីដែរ ប៉ុន្តែក៏វាគ្រាន់បើមួយមុខដែរ"។ ឧកញ៉ា ម៉ុង ឫទ្ធី លើកឡើងយ៉ាងដូច្នេះ៕
សូមទស្សនាបទសម្ភាសន៍ខាងក្រោមនេះ៖
ចុចអាន៖ ជួយជាតិអស់ប៉ុន្មានម៉ឺនដុល្លារ ទើបបានងារជា "ឧកញ៉ា"?