MV ខ្មែរ១បទនេះ ប្រជុំក្រុមរាំល្បីៗខ្ទង់រយនាក់ ត្រៀមបំបែកកំណត់ត្រា អ្នករាំច្រើនជាងគេ
- 2019-04-08 08:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MV ខ្មែរ១បទនេះ ប្រជុំក្រុមរាំល្បីៗខ្ទង់រយនាក់ ត្រៀមបំបែកកំណត់ត្រា អ្នករាំច្រើនជាងគេ
ចន្លោះមិនឃើញ
បទ "ស្រលាញ់អ្វីដែលខ្មែរមាន" របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នកំពុងសម្រុកចេញថត MV ហើយ ដោយការថតនោះ គឺមានទ្រង់ទ្រាយធំ ប្រជុំទៅដោយក្រុមរាំល្បីៗ ហើយថតច្រើនទីតាំង ដែលអាចនឹងក្លាយជាបទចម្រៀងមានអ្នករាំច្រើនជាងគេទៀតផង។
ក្រុមរាំអាជីពដែលចូលរួមថត MV ខាងលើ មិនក្រោម១០០នាក់ឡើយ ហើយពួកគេសុទ្ធតែជា ក្រុមរាំរាំផ្ដាច់មុខឲ្យតារាចម្រៀងល្បី ដូចជា ក្រុមរាំតារាចម្រៀង ព្រាប សុវត្ថិ ក្រុមរាំ តារាចម្រៀង ខេមរៈ សិរីមន្ត ជាដើម។ តាមការបង្ហើបពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បទ "ស្រលាញ់អ្វីដែលខ្មែរមាន" គ្រោងថតរហូតដល់ទៅ ២៥ ខេត្តក្រុង ប៉ុន្តែដោយពេលវេលាខ្លី ការថតអាចនឹងធ្វើឡើងតែលើទីតាំងសំខាន់ៗក្នុងខេត្តមួយចំនួនប៉ុណ្ណោះ មានដូចជា កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ឧត្ដរមានជ័យ កំពង់ធំ សៀមរាប ព្រៃវែង និងកំពង់ចាមជាដើម។
រាប់ទាំងក្រុមរាំ ក៏ដូចទីតាំង បូកទាំងការស្នាក់នៅហូបចុកផងនោះ ការចំណាយនៃគម្រោងថតនេះ ត្រូវប្រើពេលច្រើនថ្ងៃ និង ការចំណាយប្រាក់ មិនតិចឡើយ។ បែបនេះក្ដី ឧកញ៉ាល្បីឈ្មោះខាងលើ មិនបានបង្ហាញពី ដើមទុននៃការចំណាយនៃការថតឡើយ ប៉ុន្តែលោកបានប្រាប់មូលហេតុដែលនាំឲ្យមានការ សម្រេចចិត្តបោះទុនថត ទាំងនោះក៏ព្រោះតែ លោកស្រលាញ់សិល្បៈ និងចង់រួមចំណែកថែរក្សានូវអ្វីដែលខ្មែរមាន ដូចក្នុងអត្ថន័យបទចម្រៀងដែលលោកបានច្រៀង។
លោកឧកញ៉ាវ័យក្មេងដែលកំពុងមានប្រជាប្រិយទាំងការងារជំនួញ សិល្បៈ និងកិច្ចការសង្គម បានបន្តឲ្យដឹងថា ប្លង់ចុងក្រោយនៃបទចម្រៀងនេះ អាចនឹងថត២ទីតាំង ក្នុងរាជធានីភ្នំពេញ ហើយថែមទាំងមានអ្នករាំ កាន់តែច្រើនជាងនេះ រហូតដល់ទៅរាប់ពាន់អ្នកថែមទៀតផង។ ទីតាំងទាំង២នោះ មានវត្តភ្នំ មានសិស្សនិស្សិតចូលរួមជាង១ពាន់នាក់ និងចុងក្រោយ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ប្រជុំឲ្យអ្នកសិល្បៈ និងសិស្សនិស្សិត រាប់ពាន់អ្នកឯណោះ។
ជាមួយនឹងការថតនោះលោក បានឲ្យក្រុមអ្នករាំអាជីពរាំអស់ បានបង្ហាញក្បាច់រាំចម្រុះ មានទាំងការបញ្ចូលរបាំប្រពៃណីបុរាណ ជាចម្រៀងទម្រង់ទៅជាក្បាច់រាំបែបថ្មី ងាយស្រួលឲ្យបងប្អូនរៀនរាំតាម។ក្រៅពីមានបំណងចូលរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរលោក ឡេង ណាវ៉ាត្រា សង្ឃឹមថា បទ "ស្រលាញ់អ្វីដែលខ្មែរមាន" នឹងរួមចំណែកផ្ដល់ការកម្សាន្ត ពោលគឺ រាំលេងកម្សាន្តសប្បាយនារដូវចូលឆ្នាំខាងមុខនេះផង៕