នេះជា​រណ្ដាប់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ព្រះ​នាង​ធុង្សៈទេវី!

  • 2019-04-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ចេត្រ​ ត្រូវ​នឹង​ ថ្ងៃ​ទី​១៤ ខែ​មេសា គ.ស ២០១៩ ម៉ោង​១៥:១២នាទី។

ទេព​ធីតា​ដែល​នឹង​យាង​ចុះ​មក​គ្រប់គ្រង​រក្សា​ភព​ផែន​ដី និង​ប្រជានុរាស្ត្រ​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ព្រះ​នាង ធុង្សៈទេវី ជា​បុត្រី​ទី​១ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម អភរណៈ​បទុមរាគ ភក្សាហារ​ទ្រង់ ផ្លែ​ឧទ្ទុម្ពរ (ផ្លែ​ល្វា) ព្រះ​ហស្ត​ស្ដាំ​​ទ្រង់​កង​ចក្រ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ស័ង្ខ ទ្រង់​អង្គុយ​ពាក់​ឆៀង​លើ​ខ្នង​ស្ដេច​គ្រុឌ ជា​ពាហនៈ។

រណ្ដាប់​ទទួល​ទេវតា​​តាម​ទំនៀម​ពី​បុរាណ​រៀង​ត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ សម្រាប់​ប្រជារាស្ត្រ​ធម្មតាត្រូវ​រៀបក្រាល​​សំពត់​ពណ៌​ស​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជា​អាទិ៍៖

-បាយ​សី​៥​ថ្នាក់​មួយ​គូ, ៣​ថ្នាក់​មួយ​គូ

-បាយសី​ប៉ាឆាម​មួយ​គូ

-ស្លា​ធម៌​មួយ​គូ

-ទឹក​អប់​មួយ​គូ

-ទៀន​៥​ធូប​៥

-ចេក​​មួយ​គូ​ដាក់​លើ​ជើង​ពាន

-ផ្លែ​ឈើ​ត្រឹម​៣​ទៅ​៥​មុខ​ទៅ​តាម​ធនធាន​រៀងខ្លួន

-គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ

-ទឹក​ស្អាត​ពីរ​កែវ

កាល​ណា​រៀប​ស្រេច​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះ​រតនៈ​ត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង​តម្កល់​ចិត្ត រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា៕

​ដក​ស្រង់​ពី​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ​កុរ ដោយ​បណ្ឌិត អុឹម បូរិន្ទ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទថ្មី
;