រមណីយដ្ឋានធម្មជាតិរបស់ចិន ១៤ហិចតា ចាប់ផ្ដើមដំណើរការនៅតំបន់កៀនស្វាយ
- 2019-04-20 12:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋានធម្មជាតិរបស់ចិន ១៤ហិចតា ចាប់ផ្ដើមដំណើរការនៅតំបន់កៀនស្វាយ
ចន្លោះមិនឃើញ
រមណីយដ្ឋានបែបធម្មជាតិបៃតង តាមដងទន្លេមេគង្គក្រោម ដែលស្ថិតក្រោមការវិនិយោគពីក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើផ្ទើដីជាង ១៤ហិកតា បានប្រកាសបើកដំណើរការជាផ្លូវការហើយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។
លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីបើកដំណើរការជាផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ក្នុងដំណាក់កាលទី១ ថា មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែបអេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីយដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និងមាន បង្ហាញនូវផ្ទាំងសិល្បៈគំនូរលើជញ្ជាំងប្រវែង១គីឡូម៉ែត្រ ដែលជាគំនូរជញ្ជំងដ៏វែងជាងគេ នៅក្នុងតំបន់អាស៊ីផងដែរ។
លោកបន្តថា មជ្ឈមណ្ឌលកម្សាន្តថ្មីនេះ នឹងអាចចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់សម្រាក ជាពិសេសទេសចរចិន ដែលកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។ លោកបានលើកឡើងទៀតថា ក្នុងដំណាក់កាលទី១នេះ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បានបើកដំណើរការនូវឧទ្យានធំៗចំនួន ៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និងឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងផ្តល់ជូនអតិថិជនជាពិសេសនូវបទពិសោធន៍សេវាកម្មដ៏សម្បូបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហោល VR ដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា ជាច្រើនផ្សេងទៀត។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសភ្ញៀវទេសចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់ ២លាននាក់បន្ថែមនោះ រាជធានីភ្នំពេញ និងខេត្តសក្ដានុពលកម្ពុជាផ្សេងទៀត បាននិងកំពុងរៀបចំ និងអភិវឌ្ឍន៍រមណីយដ្ឋាន បែបវប្បធម៌ និងធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។ លោកស្រីបន្តថា “យើងចង់ឃើញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា មិនត្រឹម តែទស្សនាត្រឹមតែប្រាង្គប្រាសាទប៉ុណ្ណោះទេ តែយើងគួររៀបចំយ៉ាងណាឱ្យមានកន្លែងកម្សាន្តថ្មីៗឱ្យបានច្រើន ដើម្បីអាចទាញចំណូលឱ្យបានច្រើនពីវិស័យទេសចរណ៍”។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះ សាងសង់ឡើងនៅលើផ្ទៃដីជាង ១៤ហិកតា៕