ប្រវត្តិជូរចត់របស់ Jack Ma មុនបង្កើតក្រុមហ៊ុន Alibaba
- 2019-04-27 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិជូរចត់របស់ Jack Ma មុនបង្កើតក្រុមហ៊ុន Alibaba
ចន្លោះមិនឃើញ
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba មានដើមកំណើតក្នុងខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ។ លោកធ្លាប់ឆ្លងកាត់រឿងឈឺចាប់ និងបទពិសោធន៍បរាជ័យរាប់មិនអស់ ទម្រាំបង្កើតក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតធំមួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោក។
តើលោក Jack Ma ជួបរឿងរ៉ាវជីវិតបែបណាខ្លះ ទើបអាចប្រែខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេស ប្រាក់ខែ ១២ដុល្លារ ទៅជាមហាសេដ្ឋីមានប្រាក់ជាង ៥០ប៊ីលានដុល្លារ ដូចសព្វថ្ងៃ?
ដំណើរចាប់ផ្តើមជីវិតរបស់ Jack Ma
មហាសេដ្ឋី Jack Ma ចាប់កំណើតនៅក្រុង Hangzhou ខេត្ត Zhejiang ក្នុងត្រកូលគ្រួសារក្រខ្សត់ដោយមានឪពុកម្ដាយជាអ្នកមានជំនាញសិល្បៈ Ping Tan។ ដើម្បីជម្នះក្នុងស្ថានភាពសិក្សាជាមួយមិត្តរួមថ្នាក់ Ma ត្រូវបង្ខំចិត្តទៅសណ្ឋាគារក្នុងស្រុករាល់ថ្ងៃ ដើម្បីមានឱកាសជួបជនបរទេស និងអនុវត្តភាសាអង់គ្លេសជាមួយពួកគេ ហើយបានយកថវិកាទិញវិទ្យុតូចមួយ ដែលអាចស្តាប់ការសិក្សាភាសាសន្ទនាប្រចាំថ្ងៃ។
ថ្វីបើមានជំនាញលើភាសាអង់គ្លេស ប៉ុន្តែលោកខ្សោយខាងគណិតវិទ្យា រហូតត្រូវធ្លាក់ការប្រលងបញ្ចប់វិទ្យាល័យដល់ទៅ ២ លើកជាប់គ្នា។ ការព្យាយាមលើកទី ៣ ទើបទទួលបានជោគជ័យ និងបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានគ្រូបង្រៀនក្នុងទីក្រុង Hangzhou នាឆ្នាំ ១៩៨៨។ គ្រានោះលោកក៏ត្រូវបានគេបដិសេធសំណើសុំធ្វើការងាររាប់មិនអស់ មិនថាតែហាងលក់មាន់បំពង KFC ។
យ៉ាងណាមិញ Jack Ma ក៏មានឱកាសក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស ដោយរកចំណូលបាន ១២ ដុល្លារក្នុងមួយខែ នៅសកលវិទ្យាល័យមួយក្នុងតំបន់។
ដើមទងធ្វើឲ្យមានការបង្កើត Alibaba
បន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្រៀន ក្នុងឆ្នាំ ១៩៩៥ លោក Ma មានឱកាសទៅទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ហើយត្រូវបានគេនាំឲ្យស្គាល់ពីអ្វីទៅជាអ៊ីនធឺណិត។ លុះវិលមកដល់ស្រុកកំណើត លោកក៏បានបង្កើតអាជីវកម្មលើអ៊ីនធឺណិតឈ្មោះឲ្យ China Pages ប៉ុន្តែលោកត្រូវរងសម្ពាធពីការទាមទារឲ្យបណ្ដាក់ទុនជាមួយ China Telecom រហូតធ្វើក្រុមហ៊ុនទាំងមូលបាត់បង់តុល្យភាព និងត្រូវបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន The New York Times បានចុះផ្សាយ។
ភាពអត់ធ្មត់នៅជាប់ក្នុងចិត្តជានិច្ច ជំរុញឲ្យ Ma ក្រោកឈរម្តងទៀតនាឆ្នាំ ១៩៩៩ ហើយបានហៅមិត្ត ១៧ នាក់ មកពិភាក្សាក្នុងបន្ទប់ជួលមួយ ដើម្បីបង្កើតអាជីវកម្មលក់ទំនិញលើ Online។ គ្រានេះហើយដែល Alibaba.com បានលេចវត្តមាន ដែលអនុញ្ញាតឲ្យបណ្តាអ្នកលក់ អាចធ្វើការបង្ហោះចេញនូវទំនិញរបស់ខ្លួន ហើយអតិថិជនអ្នកទិញមានសិទ្ធិធ្វើការស្វែងរកយ៉ាងធំទូលាយ។ សំណាងល្អក្នុងខែតុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុនក៏ទទួលបានការវិនិយោគ ៥លានដុល្លារពីក្រុមហ៊ុន Goldman Sachs និង ២០លានដុល្លារពីធនាគារ SoftBank ដែលមានគោលដៅចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។
ភាពជោគជ័យត្រូវបានបង្ហាញទៅកាន់ពិភពលោក ហើយធ្វើឲ្យក្រុមហ៊ុនមួយនេះចាប់ផ្តើមពង្រីកសាខាទៅជាគេហទំព័រ Taobao មួយបន្ថែមទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុនបរទេស eBay ដែលព្យាយាមវាយលុកទីផ្សារប្រទេសចិន។ រហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ សម្ព័ន្ធរបស់ Alibaba ក៏ផ្តួល eBay បានសម្រេច ហើយមកទល់បច្ចុប្បន្នក៏ក្លាយជាគេហទំព័រមួយក្នុងចំណោម ២០ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិភពលោក រួមបញ្ចូលទាំង Alibaba, Tmall ផងនោះ។
ប៉ុន្តែដល់ឆ្នាំ ២០១៣ លោក Ma បានដើរចេញពីតំណែង CEO ហើយឲ្យលោក Johnathan Lu ឡើងជំនួស គ្រានោះគាត់បញ្ជាក់ថា "វាងាយស្រួលទេសម្រាប់ខ្ញុំក្នុងការលាឈប់ពី CEO ប៉ុន្តែក្នុងការក្លាយជាប្រធានធំដ៏ល្អម្នាក់ ពេលខ្លះយើងក៏សំបូររឿងរវល់ជាង CEO ទៅទៀត"។
គួរបញ្ជាក់ថា Alibaba Group កាលពីឆ្នាំ២០១៧ កន្លងទៅ រកចំណូលបាន ២៣,៨២ប៊ីលានដុល្លារ ហើយមានបុគ្គលិកសរុបជាង ៥ម៉ឺននាក់ ដោយចែកជាសម្ព័ន្ធដៃគូប្រហែល ១០ក្រុមហ៊ុនជុំវិញពិភពលោក។ ពាក្យស្លោកមួយរបស់ក្រុមហ៊ុនបានកំណត់ថា "ដើម្បីទទួលបានភាពងាយស្រួល គឺជាការធ្វើអាជីវកម្មគ្រប់ទីកន្លែង"៕