កម្ពុជា ចុះ MoU នាំអង្ករ ៤០ម៉ឺនតោន ទៅប្រទេសចិន
- 2019-04-29 02:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចុះ MoU នាំអង្ករ ៤០ម៉ឺនតោន ទៅប្រទេសចិន
ចន្លោះមិនឃើញ
ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយស្រូវអង្ករជាតិ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនសាជីវកម្មកូហ្វកូ (COFCO) របស់ចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនាំអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន ចូលទៅកាន់ទីផ្សារប្រទេសចិន។
ពិធីចុះអនុស្សារណៈនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។
-ពាណិជ្ជកម្មអង្ករ៖ ភាគីចិន យល់ព្រមទិញអង្ករផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ របស់ប្រទេសកម្ពុជា ក្នុងបរិមាណ ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។
-យន្តការអនុវត្ត៖ អនុស្សារណៈនេះនឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សារណៈដំបូង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្តីពីការនាំចូលអង្ករចំនួន ៣០ម៉ឺនតោន។
-យន្តការត្រួតពិនិត្យធុរកិច្ច៖ គូភាគី នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សារណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ អំឡុងពេលអនុវត្តអនុស្សារណៈនៃការយោគយល់គ្នានេះ៕