លោក ខៀវ កាញារីទ្ធ ប្រាប់ពី​វិធីមួយ​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ

  • 2019-05-03 06:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​​ណែនាំឱ្យ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ព័ត៌មាន​ក្លែង​បន្លំ ពោលគឺ​ការ​បញ្ចេញ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែង​បន្លំ។ ការ​ថ្លែងនេះ ធ្វើឡើង​នៅក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក នាព្រឹក​ថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ​២០១៩។

លោកថា ព័ត៌មាន​ក្លែងក្លាយ​ បាន​ធ្វើឱ្យ​បាត់បង់​តម្លៃ​សារព័ត៌មាន​អាជីព និង​បាត់បង់​នូវការ​គាំទ្រ​ពី​សាធារណជន ព្រមទាំង​ធ្វើឱ្យ​សង្គម​មាន​ភាពវឹកវរ។

ជាមួយគ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានឲ្យ​អ្នកសារព័ត៌មាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ដោយ​គោរព​ក្រម​សីលធម៌ វិជ្ជាជីវៈ រក្សា​នូវភាព​ថ្លៃថ្នូ និងខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ ដើម្បី​ដើរទាន់​ការរីកចម្រើន​នូវ​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន និង​ជៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្លៃ​សារព័ត៌មាន ដូចជា​ការ​យកតួនាទី​សារព័ត៌មាន​ដើរ​ដាក់​កុងត្រូល​ជជុះ ដើម្បី​ទារលុយ​ពីអ្នករកស៊ី​ខុសច្បាប់ និង​បញ្ហា​ទំនាស់​ដីធ្លី​ដែលប្រាសចាក​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន​អាជីព និង​បាត់បង់​តម្លៃ​ស្ថាប័ន​សារព័ត៌មាន​ទាំងមូល។

លោករដ្ឋមន្រ្តី បាន​បន្ត​ថា ទាក់ទង​ទិវា​សេរីភាព​សារព័ត៌មាន​សកល​ឆ្នាំ២០១៩ បានជ្រើសរើស​ប្រធានបទ​សំខាន់​ពាក់ព័ន្ធ​ទៅនិង «ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ៖ វិជ្ជាជីវៈ​សារព័ត៌មាន និងការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ក្នុងការ​បោះឆ្នោត»។ ប្រធានបទ​នេះ មាន​លក្ខណៈ​សមស្រប និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ជា​សកល​ដែល​ពិភពលោក​ទាំងមូល កំពុង​ប្រឈម​ទៅនឹង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ ការលាប​ពណ៌ ការ​ញុះញង់ អុជអាល ជេរប្រមាថ​ដោយការ​សម្អប់គ្នា ការរើសអើង​ជាដើម ដែល​បង្កឲ្យមាន​ការបែកបាក់​សាមគ្គី​ផ្ទៃក្នុង ដែល​ធ្វើឲ្យពិភពលោក​មានភាពចលាចល ហើយការ​បោះឆ្នោត​នៅប្រទេស​មួយចំនួន​ មានភាព​ច្របូក​ច្របល់ បាត់បង់​ទំនុកចិត្ត មិនទទួលស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត បង្ក​ឲ្យកើត​មាន​អំពើ​ហិង្សា និងជម្លោះ​ប្រដាប់​អាវុធ។

ដោយឡែក​នៅកម្ពុជា​បាន​ជ្រើសរើស​យកប្រធានបទ​ស្តីពី «តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ» ដែលមាន​លក្ខណៈ​សមស្រប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន ដែល​ទើបតែ​បញ្ចប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ប្រកបដោយ​ជោគជ័យ និងជា​ទីមោទន​ ដោយស្ថាប័ន​សារព័ត៌មាន​មួយចំនួន​ធំ​នៅ​កម្ពុជា បានប្រកាន់​ភ្ជាប់​នូវក្រម​សីលធម៌ វិជ្ជាជីវៈ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពីដំណើរការ​បោះឆ្នោត ​ជូន​ប្រជាពលរដ្ឋ ធ្វើការ​សម្រេច​ចិត្ត​ដោយខ្លួនឯង ដែលធ្វើឲ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ឆ្លុះបញ្ចាំង​ពីឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើសតាំង​តំណាងរាស្ត្រ​ស្របច្បាប់​របស់​ខ្លួន។ នេះបើតាម​ការបញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;