លោក ជា សុផារ៉ា ប្រាប់​អ្នករាយការណ៍​ពិសេស UN ថា ការចុះ​បញ្ជីដីធ្លី​នៅកម្ពុជា នឹងបញ្ចប់​ទាំងស្រុង​នៅឆ្នាំ​២០២១

  • 2019-05-08 01:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួបគ្នា​មួយ​កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជម្រាប​ជូន​លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អំពី​វឌ្ឍនភាព លើ​វិស័យ​ដីធ្លី និង​លំនៅឋាន ក្នុងនោះ​បាន​ចុះ​បញ្ជី​ដីធ្លី ៥,២ លានក្បាល​ដី ស្មើនឹង ៧៤​ភាគរយ នៃ​ក្បាលដី​សរុបប្រមាណ ៧លាន​ក្បាល​ដី ដោយ​គ្រោង​បញ្ចប់ ១០០% នៅឆ្នាំ២០២១។

លោកស្រី រ៉ូណា ស្មីត បាន​លើកឡើង​អំពី​ការកែសម្រួល​នីតិវិធី នៃការ​ចុះ​បញ្ជី​ដីសហគមន៍​ជនជាតិដើម​ភាគតិច កាន់តែ​ងាយស្រួល និង​លឿន​ជាងមុន ពិសេស​ការចុះបញ្ជីដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅស្រុក​សំឡូត ដោយទីតាំង​នេះ​មិនទាន់​មានសុវត្ថិភាព ដោយនៅ​មានគ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និងការ​ចុះបញ្ជី​ដីរបស់​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ៣​សហគមន៍ ស្ថិតនៅស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ។

ត្រង់​ចំណុច​នេះ លោក​ ជា សុផារ៉ា បញ្ជាក់​ថា ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិដើម​ភាគតិច​ បាន ២៤​សហគមន៍ និង​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ៨០៦២​ករណី នៅ​បន្ត​ការ​ដោះស្រាយ​ប្រមាណ ២ពាន់​ករណី និង​បាន​ឆ្លើយបំភ្លឺ​នៅចំណុច​ដែលបាន​លើកឡើង​ខាងលើ។ លោក​ក៏បាន​អះអាង​អំពី​ការ​ជំរុញ​ពន្លឿន​ការចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​នៅសល់។

អ្នករាយការណ៍​ពិសេស​ក៏បាន​លើកឡើង​ផងដែរ អំពី​ការតាំង​ទីលំនៅថ្មី​របស់ប្រជាជន​រស់នៅ​លើទឹក​នៅឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង ដែលបម្លាស់ទី​មក​លើគោក និងការ​រៀបចំ​មាន​គោលការណ៍​ណែនាំ​ចូលរួម​ក្នុងការងារ​ដោះស្រាយ​វិវាទដីធ្លី រួមទាំងការ​ចូលរួមអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព​របស់​កម្ពុជា និងការ​សហការ​កែលម្អ​ក្របខណ្ឌ​នគរូបនីយកម្ម​នៅ​កម្ពុជា នឹងរៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្ដីពី​នគរូបនីយកម្ម។

​លោក​ឧបនាយករដ្ឋមន្រ្តី លើកឡើងថា ក្រសួងបាន​គាំទ្រ​ដល់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ក្នុងការ​រៀបចំ​ការតាំង​ទីលំនៅថ្មី​របស់​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក និងការ​បន្តកិច្ច​សហការរៀបចំ​កែសម្រួល​ក្របខណ្ឌ​នគរូបនីយកម្ម​នៅកម្ពុជា ព្រមទាំង​ការ​រៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្ដីពី​នគររមណីយកម្ម​ឲ្យបាន​ជោគជ័យ​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;