អគ្គស្នងការរង បញ្ជាក់​ពីករណីរកឃើញ​រំសេវ នៅ​ខេត្តកំពង់ធំ

  • 2019-05-09 13:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន អគ្គស្នងការ​រង​នគរបាល​ជាតិ និងជា​អ្នក​នាំពាក្យ បានថ្លែង​ប្រាប់ [ខ្លីៗ] នៅល្ងាច​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩​ថា រំសេវ​ដែល​រកឃើញ​នេះ គឺ​មិន​ខុសច្បាប់​ទេ។ ហើយរំសេវនេះ ​វាស្ថិតនៅក្នុង​ដែន​អាជីវកម្ម​របស់​ក្រុមហ៊ុន​មួយ​របស់​ជនជាតិ​ថៃ ដែលបាន​ទទួល​អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅតំបន់​នោះ។

លោក​បានបញ្ជាក់​យ៉ាងដូច្នេះថា៖ «រំសេវ​នេះ មិនមែន​ខុសច្បាប់​ទេ មានការ​អនុញ្ញាត​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយមិនមែន​ជា​របស់​ភេរវករ​ណា ឬឧក្រិដ្ឋជន​ណា ប៉ុនប៉ង​យកទៅទុក​សម្រាប់​ធ្វើសកម្មភាព​អ្វីទេ ហើយមិនមែន​ជារឿង​ភេរវកម្ម​ទេ គឺ​រំសេវ​សម្រាប់​យក​ទៅផ្ទុះ​ធ្វើរ៉ែ ហើយប៉ូលិស​កំពុងតែ​រកអ្នក​ទទួល​ខុសត្រូវ»។

សូម​រំលឹកថា រំសេវជាតិ​ផ្ទុះ​ជាច្រើន​តោន ត្រូវបាន​រកឃើញ​នៅក្នុង​ការដ្ឋាន​រ៉ែមាសមួយ​កន្លែង​នៅក្នុង​កណ្តាលព្រៃ ក្នុងភូមិ​កំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី០៨ ខែ​ឧសភា ឆ្នាំ២០១៩។

បើតាម​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ឱ្យដឹងថា រឿង​អាជ្ញាបណ្ណ​នេះ កន្លងមក​ខេត្តមិនដែល​ដឹងទេ។ តែការ​នាំយក​រំសេវផ្ទុះ​ដើម្បី​រុករករ៉ែនេះ​សុទ្ធតែ​មាន​លិខិត ស្នាម​ច្បាស់លាស់​ពីក្រសួងការពារ​ជាតិ។

លោក​បន្តថា កន្លងមក​គណ:កម្មការ​ចម្រុះ​បាន​មកពិនិត្យ​តំបន់​នេះ​ហើយ​បាន​ធ្វើការ បង្រ្កាប​ផងដែរ​នូវ​កន្លែង​រុករកខុស​និយាមការ​ក្នុងអាជា្ញបណ្ណ ហើយបាន​កម្ទេច និង​ដឹក​វត្ថុតាង​ទាំងអស់​មកហើយ។ តែនៅសល់​កុងទឺន័រ​ចាស់មួយ​នេះ​ប្រហែល​ជានៅឆ្ងាយ ហើយនៅ​ក្នុងដែន​អាជា្ញបណ្ណ​របស់​ក្រុមហ៊ុន ទើប​មិនបាន​ពិនិត្យ។

លោកអភិបាល​ខេត្ត​បញ្ជាក់​ថា រំសេវនេះ ត្រូវ​ដឹកមក​រក្សាទុក​នៅតំបន់​ប្រតិបត្តិការសឹក​រងខេត្ត​ដើម្បី​ធានា​សុវត្ថិភាព៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;