នគរបាលច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត ជួយ​សង្រ្គោះ​ជនជាតិ​ជប៉ុន ដែលដេក​តាម​ចិញ្ចើម​ផ្លូវ

  • 2019-05-21 02:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកខឹម ចិត្ត្រា នាយ​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត បាន​ចាត់​កម្លាំង​ជំនាញ​ស្វែងរក​ជនជាតិ​ជប៉ុន​មួយរូប ដែល​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ភូមិសាស្រ្ដ​ច្រកទ្វារព្រំដែន​អន្តរជាតិ​​ប៉ោយប៉ែត ក្នុង​ស្ថានភាព​គ្មាន​អាហារ និង​កន្លែង​ស្នាក់នៅ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។

នៅ​រសៀលថ្ងៃទី២០ ខែឧសភា កម្លាំង​ជំនាញ​ក៏​បាន​រកឃើញ​បុរស​ជនជាតិ​ជប៉ុន​រូបនោះ និង​បាន​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដើម្បី​ផ្ដល់​អាហារ សម្លៀកបំពាក់ និង​សាកសួរ​លម្អិត​បន្ថែម​ពី​ដំណើរ​រឿង​ដែល​ធ្វើ​ឲ្យ​បុរស​ជប៉ុនរូបនោះ ត្រូវ​ធ្លាក់​ខ្លួន​ដេក​តាម​ផ្លូវ​បែបនោះ។

បុរសជនជាតិ​ជប៉ុន (ឆ្វេង) នៅ​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត
បុរស​ជប៉ុន​រូប​នោះ មានឈ្មោះ Norihiro YAMAGUCHI អាយុ ៤៧ឆ្នាំ បាន​ធ្វើដំណើរចេញចូលស្នាក់នៅ និងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល ១១ឆ្នាំជាងមកហើយ ទើបតែរយៈពេលជិត ១០ថ្ងៃមកនេះ បុរស​រូបនោះ​បានបាត់កាបូបដែលមានកាតធនាគារ និងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែត ទើបធ្វើ​ឲ្យ​​លោក​គ្មានប្រាក់សំរាប់ស្នាក់នៅ និងហូបចុកបន្តទៀត។

បច្ចុប្បន្ន មន្រ្តីច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត កំពុងជួយសំរួលរៀបចំជូនបុរស​ជនជាតិ​ជប៉ុន​នោះ ទៅស្ថានទូតជប៉ុន៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;