លោក ស សុខា ឱ្យយកស៊ីហ្គេម២០២៣ ជាឱកាសស្វែងរកថវិកាដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
- 2019-05-22 02:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស សុខា ឱ្យយកស៊ីហ្គេម២០២៣ ជាឱកាសស្វែងរកថវិកាដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
ចន្លោះមិនឃើញ
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីក្នុងនាយកដ្ឋានអប់រំកាយ និងកីឡា សិស្សនិស្សិត នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ត្រូវយកឆ្នាំ២០២៣ ជាឱកាសបង្កើតថវិកា ដើម្បីធ្វើដើមទុនបន្តអភិវឌ្ឍវិស័យកីឡានៅកម្ពុជា សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដោយលោកសង្កត់ធ្ងន់ថា ចាត់ជាការស៊ីកេរឆ្នាំ២០២៣ក៏បាន។
ឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។ លោកថ្លែងទៀតថា ដើម្បីសម្រេចចក្ខុវិស័យនេះបាន ទាមទារឱ្យមានការរៀបចំផែនការច្បាស់លាស់ ដោយមានអ្នកអនុវត្ត និងអ្នកតាមដានការអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តដល់ការិយាល័យក្នុងនាយកដ្ឋាននេះ យ៉ាងហោចណាស់ក្នុង១ឆ្នាំ ត្រូវពិនិត្យវាយតម្លៃលើការងាររបស់ខ្លួនថាបំពេញបានកម្រិតណា? ខ្វះចន្លោះអ្វីខ្លះ? ធ្វើបានផ្លែផ្កាយ៉ាងណាជាដើម។ល។
ទន្ទឹមនឹងនេះ លោកជំរុញឱ្យការិយាល័យនីមួយៗ គប្បីចេះស្រាវជ្រាវកែច្នៃលើផែនការដែលមានស្រាប់ ដើម្បីរកអ្វីដែលថ្មី ព្រោះអ្នកធ្វើផែនការពុំមែនជាព្រះនោះទេ។ ជាងនេះទៅទៀត នាយកដ្ឋានទាំងមូលត្រូវពង្រឹងរចនាសម្ព័ន្ធការងារ បែងចែកការទទួលខុសត្រូវឱ្យច្បាស់លាស់ និងបំពេញការងារតាមឋានានុក្រុមរដ្ឋបាល។
ដើម្បីឈានទៅឆ្នាំ២០២៣ផង និងសម្រេចយុទ្ធសាស្ត្រ យុវជនម្នាក់មានជំនាញកីឡាមួយប្រភេទប្រចាំជីវិត លោក ស សុខា បានណែនាំឱ្យផលិតវីដេអូខ្លីៗ ដោយយកអ្នកល្បីៗមកដើរតួ ដើម្បីទាក់ទាញយុវជនលេងកីឡា។ លោកឱ្យរៀបចំជាសិក្ខាសាលា តាមសាលា ឬតាមទីសាធារណៈ ឱ្យយុវជនស្គាល់ប្រភេទ និងសារៈសំខាន់របស់កីឡា។ លើសពីនេះ លោកថាគប្បីសហការជាសហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដាខេត្តគ្រប់រូបភាព ដើម្បីបំផុសការលេងកីឡា៕