រ៉ែ​កម្រ​ក្នុង​ផែនដី​របស់​ចិន ពិត​ជា​សំខាន់​ណាស់​មែនទេ​សម្រាប់​អាមេរិក?

  • 2019-05-22 06:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុនរ៉ែ​កម្រ​ក្នុង​ផែនដី នៅ​ក្រុង Ganzhou ខេត្ត​ Jiangxi ភាគ​ខាងកើត​ប្រទេស​ចិន ក្នុង​អំឡុងពេល​មានតានតឹង​ខ្លាំង​នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និង​អាមេរិក បាន​ធ្វើឱ្យមានការ​លើកឡើង​ជាច្រើន​ថា មេដឹកនាំចិន នឹង​ផ្អាក​នាំចេញ​ធនធាន​រ៉ែ​កម្រ ទៅ​អាមេរិក ដើម្បី​ជា​ការតបត​វិញ។

រូបថត៖ Xinhua
ហេតុ​អ្វីបាន​ជាមាន​ការ​លើកឡើង​ដូច្នេះ ហើយតើ​រ៉ែកម្រ​ក្នុង​ផែនដី​របស់​ចិន ពិតជា​សំខាន់​ណាស់​មែនទេ​សម្រាប់​អាមេរិក?

រ៉ែ​កម្រ​ក្នុងផែនដី (Rare-earth materials) រួមមាន​សារធាតុ​ចំនួន១៧ ក្នុង​តារាង​ខួប​នៃ​ធាតុ​គីមី (Periodic Table) ដែលត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សំខាន់​ក្នុង​ផលិតកម្ម​របស់​អាមេរិក​ដូចជា បច្ចេកវិទ្យា និង​ឧបករណ៍​យោធា ពោលគឺ​ចាប់ពី អាគុយ ទៅដល់​ស្មាតហ្វូន រថយន្ត​អគ្គិសនី និង​យន្តហោះ​ចម្បាំង​ជាដើម។ អាមេរិក ប្រើប្រាស់​រ៉ែ​ទាំងនោះ​ក្នុងចំនួន​តិច ប៉ុន្តែ​មាន​សារៈសំខាន់​ក្នុង​ដំណើរ​ការ​ផលិត។

សារធាតុ​ទាំង១៧​មាន​ដូចជា៖ Cerium (Ce), Dysprosium (Dy), Europium (Eu), Gadolinium (Gd), Holmium (Ho), Lanthanum (La0, Lutetium (Lu), Neodymium (Nd), Praseodymium (Pr), Promethium (Pm), Samarium (Sm), Scandium (Sc), Terbium (Tb), Thulium (Tm), Ytterbium (Yb) និង Yttrium (Y)។

ចិនគឺ​ប្រទេស​ធំបំផុត​ដែល​ផលិត និង​នាំចេញ​រ៉ែ​កម្រ ពោលគឺ​ប្រមាណ៩០% នៃ​ផលិត​កម្ម​សកល។ ក្នុងនោះ អាមេរិក​ពឹង​ផ្អែក​ការ​នាំចូល​រ៉ែ​កម្រ​ពី​ចិន​ប្រមាណ ៨០​ភាគរយ នៃការ​នាំចូល​សរុប​របស់​ខ្លួន។

ជាការ​គួរឱ្យ​កត់​សម្គាល់ រដ្ឋបាល​ដូណាល់ ត្រាំ មិន​បាន​ដាក់​បញ្ចូល​រ៉ែកម្រ​ក្នុងផែនដី​របស់​ចិន ចូលក្នុង​បញ្ជី​ដែល​ត្រូវដំឡើងពន្ធ​​នាំចូល​នោះទេ។ អាមេរិក បាន​ដំឡើងពន្ធ​នាំចូល​លើទំនិញ​របស់​ចិន​ដែលមានតម្លៃ ២០០ពាន់លាន​ដុល្លារ ពី ១០% ទៅដល់ ២៥%។ ហើយ​បន្ទាប់​មក​ក៏ចាប់ផ្តើម​ដាក់​បញ្ចូល​មុខទំនិញ​ដែលត្រូវ​ដំឡើង​ពន្ធ ដែល​មាន​តម្លៃ ៣០០ពាន់លានដុល្លារ​ផ្សេង​ទៀត​ផងដែរ។

កាលពី​ដើម​ខែ​ឧសភា​នេះ ចិនបាន​​ប្រកាស​ថា ខ្លួន​ក៏នឹង​ដំឡើងពន្ធ​នាំចូល​លើទំនិញ​របស់​អាមេរិក​ដែលមានតម្លៃ ៦០ពាន់លានដុល្លារ​ ពី ៥ភាគរយ ទៅដល់ ២៥% ដែល​ជាការ​សងសឹក​វិញផងដែរ ដោយ​ចាប់ផ្តើម​ពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ​២០១៩។ ក្នុង​នោះ​សារព័ត៌មាន​ចិន South China Morning Post បាន​លើកឡើងថា ចិន​នឹង​ហាមឃាត់​ការនាំចេញ​រ៉ែកម្រ​ ទៅ​អាមេរិក។

រ៉ែ​កម្រ​របស់​ចិន ត្រូវបាន​គេចាត់​ទុកថា​ជាអាវុធ​ដ៏សំខាន់​មួយ​របស់​ចិន។ កាលពីឆ្នាំ​២០១០ ក្រុង​ប៉េកាំង បាន​កាត់ផ្តាច់​ការនាំចេញ​រ៉ែ​ទៅជប៉ុន ដោយសារ​តែជម្លោះ​នៅសមុទ្រ​ចិន​ខាងកើត ដែល​ពេលនោះ នាវិក​របស់ចិន ត្រូវ​សមត្ថកិច្ច​ជប៉ុន​ចាប់ខ្លួន។ បន្ទាប់ពី​ចិន​ដាក់​បម្រាម​លើការ​នាំចេញ​នេះមក បាន​ធ្វើឱ្យ​ជប៉ុន ដោះលែង​នាវិក​នោះ​ភ្លាមៗ​តែម្តង។

កាលពី​ឆ្នាំ​២០១១កន្លងទៅ គណៈកម្មាធិការ​សភាអាមេរិក​ទទួល​បន្ទុក​កិច្ចការ​បរទេស បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​សមត្ថភាព​របស់​ចិន ក្នុងការ​ប្រើប្រាស់​ «ការនាំចេញរ៉ែកម្រ» ក្នុងគោល​នយោបាយ​ការបរទេស​ និង​គោល​នយោបាយ​សន្តិសុខ​របស់ខ្លួន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;