ព្រឹទ្ធសមាជិក​អាមេរិក ជំរុញ​ឱ្យ​រដ្ឋបាល​ដូណាល់ ត្រាំ ចូល​ឈ្លានពាន​វេណេហ្ស៊ុយអេឡា

  • 2019-05-24 03:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវតែ​ធ្វើការ​ព្រមាន​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ឱ្យចុះ​ចេញពី​តំណែង ឬ​បញ្ជា​យោធា​ឱ្យចូល​ឈ្លានពាន​ប្រទេស​នេះ​តែម្តង ប្រសិន​បើ​លោក ម៉ាឌូរ៉ូ មិនព្រម​ចុះចេញទេ​នោះ។ នេះជា​ការជំរុញ​ដោយ​លោក Lindsey Graham ព្រឹទ្ធសមាជិក​អាមេរិក តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​២៣​ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក ​Lindsey Graham លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ប្រឈមមុខ​ជាមួយនឹង​ការធ្វើ​អន្តរាគមន៍​របស់​គុយបា នៅ​ក្នុង​ប្រទេស​ហ្គ្រីណាដា ប្រធានាធិបតី​រ៉ណាល់ រីហ្គេន បាន​សម្រេច​ធ្វើអន្តរាគមន៍​យោធា ដើម្បីធានាថា ហ្គ្រីណាដា នឹង​មិនធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​គុយបា​ឡើយ។ អាមេរិក​ត្រូវតែ​មានឆន្ទៈ​មោះមុត​ក្នុងការ​ធ្វើ​អន្តរាគមន៍​នៅ​វេណេហ្ស៊ុយអេឡា ដូចដែល​យើង​បាន​ធ្វើនៅ​ហ្គ្រីណាដាអ៊ីចឹង​ដែរ»។

លោក Lindsey Graham (រូបថត៖ AP)
វិបត្តិ​នៅ​វេណេហ្ស៊ុយអេឡា បាន​ចាប់ផ្តើម​ឡើង​កាលពីខែមករា បន្ទាប់ពីមេបក្សប្រឆាំង លោក Juan Guaido ដែលមានការគាំទ្រយ៉ាងពេញទំហឹង​ពីអាមេរិក បាន​ប្រកាសខ្លួន​ជាប្រធានាធិបតីស្របច្បាប់ ហើយ​បាន​បង្កើត​ឱ្យមានការធ្វើបាតុកម្មទម្លាក់​រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ កាលពីថ្មីៗនេះ​ទៀតផង ប៉ុន្តែ​ត្រូវបរាជ័យ។

គួរ​រំលឹក​ថា ក្នុងឆ្នាំ​១៩៨៣ ទាហាន​អាមេរិកប្រមាណ ៨ពាន់នាក់ បាន​ច្បាំងឈ្នះ​ទ័ពគុយបា​ដែលមានចំនួន៧០០នាក់ ក្នុងប្រទេស​ហ្គ្រីណាដា ត្រឹម​១សប្តាហ៍​ប៉ុណ្ណោះ ហើយបានជួយ​សម្រប​សម្រួលផ្លាស់ប្តូររបបថ្មី។ ហ្គ្រីណាដា ជាកោះ​តូចមួយ មាន​ចម្ងាយ​ប្រមាណតែ ១៦០គីឡូម៉ែត្រ​ពី​វេណេហ្ស៊ុយអេឡា​តែប៉ុណ្ណោះ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;