កម្ពុជា-ថៃ ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវត​ភ្ជាប់​ទៅផ្លូវជាតិ​លេខ៥

  • 2019-05-25 02:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិ​លេខ៥ ជាមួយ​ក្រុមហ៊ុន​សាងសង់ FIN TECHNIC។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ពិធីនេះ​ធ្វើឡើង​កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង ដោយ​មានការ​ចូលរួម​ពីថ្នាក់​ដឹកនាំ មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកPanyarak Poolthup អគ្គរាជទូតថៃ​ប្រចាំ​កម្ពុជា លោក Perames Vudthitornetiraks នាយកភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិត​ខាង លោក​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នាយក​ក្រុមហ៊ុន​ថៃ FIN TECHNIC និង​ភាគី​ពាក់ព័ន្ធ​ផងដែរ។

គម្រោងនេះ​ផ្ដោតលើ​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ច្រកទ្វារ​ព្រំដែន ដែល​រួមមាន៖ អគារ​រដ្ឋបាល​ច្រកចូលទ្វារ​ព្រំដែន និង​ផ្លូវ សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរទំនិញ​ឆ្លងកាត់ សំណង់​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ និងការ​ជួសជុល​កែ​លម្អ​ផ្លូវចាស់។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង ៩២៨លាន​បាត ស្មើនឹង​ប្រមាណ ២៦,៤២លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ និង​ប្រើរយៈពេល​២៤ខែ។

លោក​ទេសរដ្ឋមន្ត្រី​បានគូស​បញ្ជាក់​ថា ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ នឹង​បម្រើ​តែ​សេវា​ដឹកជញ្ជូន ប៉ុណ្ណោះ ដោយរក្សាទុក​ច្រកអន្តរជាតិ​ប៉ោយប៉ែត​ សម្រាប់​បម្រើ​តែសេវាដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និងចំណេញ​ពេលវេលា។

គួររំលឹក​ផងដែរ​ថា កាលពីថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ​នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​កម្មវិធី​បីផ្សេងគ្នា​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​កម្មវិធី​ទាំងបី​នោះ​រួមមាន៖

១) ការចាក់​បេតុង​តភ្ជាប់មុខ​តំណស្ពាន​មិត្តភាពកម្ពុជា-ថៃ (ស្ពាន​ស្ទឹងបត់)

២)ការ​បើកការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និងផ្លូវ តភ្ជាប់​ទៅផ្លូវជាតិ​លេខ ៥ និង

៣) ពិធី​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើកា​រដឹកជញ្ជូន​​ឆ្លងកាត់​ព្រំដែន និង​ពិធីប្រគល់-ទទួល​ក្បាល​រដ្ឋភ្លើងDMU៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;