អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យខណ្ឌទាំង១៤ បង្ក្រាបល្បែងស៊ីសងខុសច្បាប់
- 2019-05-31 06:34:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យខណ្ឌទាំង១៤ បង្ក្រាបល្បែងស៊ីសងខុសច្បាប់
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការក្តៅក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ការដាក់ចេញនូវយុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
លោកថ្លែងដូច្នេះថា៖ «សូមឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំនុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើឱ្យបាត់បង់ស្ថិរភាពនៅក្នុងសង្គម ដូចជាអំពើឆក់ ប្លន់ លួចជាដើម។ ចំពោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាប្រឈមមួយដែលយើងបាននឹងកំពុងធ្វើការដោះស្រាយផងដែរ»។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនទៀតដូចជាការរៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ការមានវិធានការទៅលើទូកនេសាទដែលចតយ៉ាងអាណាធិបតេយ្យនៅតាមដងទន្លេ ពិសេសនៅក្បែរសណ្ឋាគារសុខា ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវសោភ័ណភាពនៅរាជធានីភ្នំពេញ។
ការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕