បឹង​តាមោក នឹង​ត្រូវធ្វើ​ជា​កន្លែង​ប្រកួត​កីឡា​ទូកកានូ និង​រ៉ូអ៊ីងថ្នាក់​ជាតិ​ និង​​អន្តរជាតិ

  • 2019-06-05 07:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បឹង​តាមោក ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ នឹង​ក្លាយ​ជាវារីកីឡដ្ឋាន​សម្រាប់​ថ្នាក់ជាតិ និង​អន្តរជាតិ សម្រាប់​ការ​ប្រកួត​កីឡា​ទូកកានូ និង​រ៉ូអ៊ីង។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក មាស សារិន អនុ​ប្រធាន​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡាទូកកានូ និងរ៉ូអ៊ីង​កម្ពុជា ដែលបាន​ថ្លែងទៅកាន់​អ្នកកាសែត​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើកទី៤ ឆ្នាំ២០១៩-២០២៣ កាលពីព្រឹក​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជាប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៊ីង​កម្ពុជា។

លោកបាន​បញ្ជាក់​ថា ការ​យកបឹង​តាមោក ធ្វើជា​វារីកីឡដ្ឋាន គឺ​ជាការប្រសើរបំផុតពោលគឺ​វា​ជារមណីយដ្ឋាន​សម្រាប់​ការកម្សាន្ត​ផង និង​ជាទីកន្លែង​ដែល​នៅជិតក្រុងផង។

លោក​អនុប្រធាន​បន្តថា ជាផែនការ​យុទ្ធសាស្រ្តនៅឆ្នាំ​២០១៩ ទីកន្លែងនេះ នឹង​ត្រូវប្រកួតកម្រិតថ្នាក់ជាតិ ហើយ​នៅឆ្នាំ​២០២០ នឹងត្រូវ​បើកប្រកួត​សាកល្បង​បច្ចេកទេស​ជាមួយប្រទេស​ក្នុងតំបន់ ដើម្បី​វាស់​កម្រិត​សមត្ថភាព។ មិន​តែប៉ុណ្ណោះ ​វានឹងត្រូវធ្វើជា​កន្លែងប្រកួត​សម្រាប់​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ផងដែរ។

ជាមួយគ្នានេះ លោក​ មាស សារិន ក៏​បាន​លើកឡើង​ដែរ​​ថា៖ «ចង់បាន​កម្លាំង​មួយ​ជាកម្លាំង​ចលករ​ដើម្បី​ឲ្យសហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៊ីង​កម្ពុជា​ឆ្ពោះទៅមុខ ពីព្រោះ​ការកកើត​តាំងពីឆ្នាំ​១៩៩៨ រហូតមក​ដល់​ពេលនេះ ច្រើនឆ្នាំ​មកហើយ ដោយយើង​ធ្វើដំណើរ​យឺត​បំផុត​ដោយសារ​បញ្ហា​កង្វះខាត ដែលជា​ហេតុមិន​អាចធ្វើការ​វិវឌ្ឍបាន ហើយបើ​មាន​ការ​គាំទ្រពេញ​ទំហឹង​បែបនេះ បច្ចេកទេស​យើង​ក៏ទៅមុខ​ដែរ។ ហើយនៅ​ថ្ងៃនេះ ទទួលបាន​ការ​គាំទ្រពី​សម្តេចក្រឡាហោម ស ខេង និង​សមាជិក​ទាំងអស់ គឺយើង​មានវិធី​ដើម្បី​រកថវិកា​ទ្រទ្រង់​សកម្មភាព​កីឡា​របស់​យើង​ឲ្យមាន​និរន្តភាព»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;