សាលា​ ៣ខ្នងនៅ​កំពង់ឆ្នាំង ត្រូវ​បំផ្លាញ​ទាំងស្រុង ដោយសារ​អគ្គិភ័យ

  • 2019-06-10 00:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​មេ​ត្តេ​យ​សិក្សា និង​បឋមសិក្សា ​ចំនួន​៣​ខ្នង ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១០:៣០​នាទីព្រឹក ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​ឆេះ​អគារសិក្សា​ចំនួន​ ៣​ខ្នង ក្នុង​នោះ មាន​សាលា​មេ​ត្តេ​យ​ចំនួន​ ១​ខ្នង មាន​១​បន្ទប់​ ដែលមាន​ទំហំ ​១២​ម៉ែត្រ ទទឹង​ ៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។ សាលាបឋមសិក្សា​មាន​ចំនួន​ ២​ខ្នង ៦​បន្ទប់ ធ្វើ​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ដូចគ្នា។ អគ្គិភ័យ​នេះ បាន​បំផ្លាញ​នូវ​សម្ភារៈ ​និង​ផ្ទាំង​សូ​ឡា​ ៨​ផ្ទាំង អាគុយ​ ៧​គ្រឿង កង្ហា​ចំនួន​ ១៣​គ្រឿង តុ​គ្រូ​ ៣ តុ​សិស្ស​ចំនួន​ ១១៣ និង​សម្ភារៈ​សិក្សា​មួយចំនួនទៀត។

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គាត់​មិនដឹង​ភ្លើង​នេះ ឆេះ​ពី​មូល​ហេតុអ្វី​ពិតប្រាកដ​នោះទេ ប៉ុន្តែ​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​អគារ​សាលា ហើយក៏​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង ដែល​មិន​អាចជួយ​បាន​ទាន់ពេលវេលា​នោះទេ​។

​បើតាម​ការសន្និដ្ឋានរ​បស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ មូល​ហេតុដែល​បណ្តាល​ឲ្យ​ឆេះ​អគារ​សាលា​នេះ គឺអាច​បណ្តាលមកពី​ឆ្លង​ចរន្ត​បន្ទះ​សូ​ឡា​។ នៅពេលនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ដឹង​ពី​មូលហេតុ​ពិត ដែល​បណ្តាល​ឲ្យ​ឆេះ​សាលា​នេះ​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;