Nadal ឈ្នះជើងឯក French Open ជាលើក​ទី១២ (វីដេអូ)

  • 2019-06-10 01:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Rafael Nadal បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក French Open ជា​លើក​ទី ១២ ក្រោយ​បំបាក់កីឡាករ​អូទ្រីស Dominic Thiem ៣សិត ទល់១សិត ក្នុង​ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ។

កីឡាករ​អេស្ប៉ាញ បាន​យកឈ្នះ​ ៦-៣ នៅសិតដំបូង ប៉ុន្តែ Thiem បានយកឈ្នះ​វិញនៅសិតទី ២ ដោយពិន្ទុ ៥-៧។ យ៉ាងណាក្ដី នៅសិតទី៣ និងទី៤ Nadal ដែល​មាន​រហស្សនាម​ថា​ជា​ស្ដេច​លើ​ទីលាន​ដីឥដ្ឋ បាន​ឈ្នះដាច់ ដោយពិន្ទុ ៦-១ ទាំង២សិត។

Nadal បាននិយាយក្រោយជ័យជម្នះនេះថា៖ "ខ្ញុំពិតជា​ពិបាក​រក​ពាក្យ​មក​ថ្លែង​ពី​អារម្មណ៍​នៅ​ពេល​នេះណាស់។ វា​ប្រៀបដូចជា​សុបិន។ ខ្ញុំ​លេង​ក្នុង​ពាន​នេះ​លើក​ដំបូង តាំងពីឆ្នាំ ២០០៥ ខ្ញុំ​មិន​ដែល​គិត​ថា​ ខ្ញុំ​នៅតែ​អាច​បន្ត​លេង​ដល់ឆ្នាំ ២០១៩ បែបនេះទេ។ វា​គឺ​ជា​ថ្ងៃ​ដ៏រំភើប និងពិសេស​បំផុត​សម្រាប់​ខ្ញុំ"។

សូមបញ្ចាក់ថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ Nadal បាន​បំបាក់​គូប្រជែងចាស់ Roger Federer ៣-០ (៦-៣, ៦-៤, ៦-២) រី​ឯ Thiem បានយកឈ្នះ Novak Djokovic ៣-២។

នេះជា​ជ័យជម្នះ ៣ឆ្នាំជាប់គ្នានៅ French Open សម្រាប់​កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ ហើយ​ក៏ជា​ជ័យជម្នះ​លើក​ទី ១២ ក្នុងអាជីព​ផងដែរ។ បើគិត​សរុប Nadal ឈ្នះ​ពាន​រង្វាន់ Grand Slam ចំនួន ១៨ ក្នុង​នោះមាន French Open ១២, US Open ៣, Wimbledon ២ និង Australian Open ១។ មានតែ Roger Federer ម្នាក់​ប៉ុណ្ណោះ ដែល​ឈ្នះ​ Grand Slam ច្រើនជាង Nadal (២០ដង) ខណៈ Novak Djokovic ឈ្នះ ១៥ដង៕

សូម​ទស្សនា​វីដេអូហាយឡាយ ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;