ការផលិតទឹកដោះគោស្រស់ ផ្ដួចផ្ដើមដោយលោក សុខ ទូច គ្រោងដំណើរការឆាប់ៗ
- 2019-06-10 04:11:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការផលិតទឹកដោះគោស្រស់ ផ្ដួចផ្ដើមដោយលោក សុខ ទូច គ្រោងដំណើរការឆាប់ៗ
ចន្លោះមិនឃើញ
ការផលិត និងវេចខ្ចប់ទឹកដោះគោស្រស់ទ្រង់ទ្រាយធំមួយ ដែលផ្តួចផ្តើមដោយរាជបណ្ឌិត្យសភាម្ពុជា ក្នុងទំហំទឹកប្រាក់ ២,៥ លានដុល្លារអាមេរិក គ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ឱ្យដឹងថា ការផលិតនិងវេចខ្ចប់គ្រោងនឹងដំណើរការនាពេលឆាប់ៗនេះ ខណៈគោទឹកដោះប្រមាណ ១០០ក្បាលត្រូវបានដឹកចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ចូលកាលពីថ្ងៃទី២៥ ខែឧសភា កន្លងមកនេះ ទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
លោកបានបន្ថែមថា ការផលិតទឹកដោះគោកំពុងធ្វើក្នុងចំនួនតិចតួច ដោយសារកំពុងរង់ចាំការបញ្ជាទិញម៉ាស៊ីនវេចខ្ចប់ ខណៈសំណើសុំថវិកាពីរាជរដ្ឋាភិបាល ដើម្បីទិញម៉ាស៊ីនវេចខ្ចប់មិនទាន់ធ្លាក់មក។ ការប្រើប្រាស់ម៉ាស៊ីនវេចខ្ចប់ស្របតាមស្តង់ដាបច្ចេកទេស គឺជាផ្នែកមួយដ៏សំខាន់ក្នុងរក្សាគុណភាពទឹកឱ្យបានល្អប្រសើរ។ "អញ្ចឹងយើងកំពុងរង់ចាំថវិកាធ្លាក់មក ដើម្បីទិញម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនមានពេលណាគឺយើងនឹងចាប់ផ្តើមផលិតតែម្តង”។
លោកបណ្ឌិត សុខ ទូច ធ្លាប់បានមានប្រសាសន៍ថា ប្រើសិនគម្រោងសាកល្បងផលិតទឹកដោះស្រស់ចែកចាយលើទីផ្សារទទួលបានជោគជ័យ រាជបណ្ឌិត្យសភា គ្រោងនឹងបង្កើតធនាគារគោ ដោយបង្កាត់ពូជ និងទិញមេគោជាច្រើនមកប្រវាស់ឱ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញជាអ្នកចិញ្ចឹម រីឯក្រុមហ៊ុនជាអ្នកដើរប្រមូលទិញទឹកដោះគោស្រស់ពីកសិករ ហើយវេចខ្ចប់សម្រាប់នាំយកទៅលក់នៅទីផ្សារបន្ត ។ បន្ថែមលើនេះវាក៏ជាជ្រុងមួយដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅឆ្នាំ២០៣០ខាងមុខ ប្រទេសកម្ពុជានឹងទទួលបានចំណូលមធ្យមកម្រិតខ្ពស់។
គម្រោងបង្កើតតំបន់ឧទ្យានចិញ្ចឹម និងផលិតទឹកដោះគោស្រស់ដំបូងបង្អស់របស់រាជបណ្ឌិត្យសភាកម្ពុជា គឺទទួលបានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចថែមទាំងបានផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមផងដែរ៕