រដ្ឋមន្រ្តី​ព័ត៌មាន៖ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ ជា​ព្រឹត្តិការណ៍​ជួបជុំ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​អំឡុងបដិវត្តន៍​បច្ចេកវិទ្យា​ទំនើប

  • 2019-06-12 06:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី គឺ​ជាព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ព័ត៌មាន ប្រតិបត្តិករ​សោតទស្សន៍​ និង​បុគ្គលិក​បម្រើការងារ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នក​ជំនាញ និង​អ្នក​តាក់តែង​គោលនយោបាយ​នៅជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​អំឡុង​ពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប។

ការ​ថ្លែងខាងលើនេះ ក្នុង​ពិធី​បើក​ជាផ្លូវការ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើកទី១៦  ដែលប្រារព្ធ​ធ្វើឡើង​នាព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្ត​សៀមរាប។

លោក​បន្តថា ​សន្និសីទ​កំពូលសារព័ត៌មាន​ ​ត្រូវបាន​រៀបចំឡើង​ជាលើក​ដំបូង​នៅឆ្នាំ​២០០៤ នៅ​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ហើយ​សន្និសីទ​កំពូលនេះ ត្រូវបាន​រៀបចំ​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​ម៉ាឡេស៊ី រហូត​ដល់​ឆ្នាំ​២០០៨។ បន្ទាប់មក​ សន្និសីទ​នេះត្រូវបាន​ប្តូរ​ទៅរៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ថៃ វៀតណាម អារ៉ាប៊ីសាអូឌីត ឥណ្ឌា និង​ចុងក្រោយគឺរៀបចំ​នៅកម្ពុជា។

សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ឆ្នាំ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​អម​ជាមួយ​នឹង​សិក្ខាសាលា​ដែល​ត្រូវបាន​រៀបចំ​មុន​សន្និសីទ​កំពូល​នេះ គឺនៅ​ថ្ងៃទី១០ និង​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ​សំខាន់ៗ​ដូចជា៖ របៀប​ដឹកនាំ​ក្នុងយុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី៤, ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត, និន្នាការ​បច្ចេកវិទ្យា 4K, ឥទ្ធិពល​នៃ Augmented Reality (AR) and Virtual Reality (VR) នៅ​ក្នុង​វិស័យ​សារព័ត៌មាន និង​សិក្ខាសាលា​ស្តីពីការបង្កើត​កម្មវិធី​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​យុគ្គសម័យ​ឌីជីថល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;