ប្រឹង ៣ ឆ្នាំ រចនាពុម្ពអក្សរខ្មែរជាង ៣០០ ម៉ូដ បែរគ្មានការលើកទឹកចិត្ត
- 2019-06-18 03:33:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឹង ៣ ឆ្នាំ រចនាពុម្ពអក្សរខ្មែរជាង ៣០០ ម៉ូដ បែរគ្មានការលើកទឹកចិត្ត
ចន្លោះមិនឃើញ
ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ បានចំណាយពេលប្រហែល ៣ ឆ្នាំ រចនាពុម្ពអក្សរបានដល់ទៅជាង ៣០០ ម៉ូដ តែគ្មានការលើកទឹកចិត្តពីស្ថាប័នដែលយកពុម្ពអក្សរទៅប្រើឡើយ។
លោក នៅ សំណាង ប្រធានក្រុមរចនាពុម្ពអក្សរខ្មែរអះអាងថា ព្រោះតែការស្រឡាញ់និងចង់រួមចំណែកអភិរក្សអក្សរខ្មែរ ក្រុមលោកបានយកពេលទំនេរ គូសវាសពុម្ពអក្សរថ្មីៗសម្រាប់បម្រើដល់ការប្រើប្រាស់របស់ពលរដ្ឋខ្មែរ។
លោក ថា ក្រុមលោកមិនដែលគិតចង់មានបាននោះឡើយពីការងាររចនាពុម្ពអក្សរនេះ តែសង្ឃឹមយ៉ាងហោចមានការគាំទ្រលើកទឹកចិត្តខ្លះៗ ដើម្បីឲ្យក្រុមលោកនិងអ្នករចនាពុម្ពអក្សរផ្សេងទៀត មានកម្លាំងចិត្តបន្តការងាររចនាពុម្ពទៅមុខទៀត។
សមាជិកមួយរូបទៀតក្នុងក្រុមរចនាពុម្ពអក្សរខ្មែរលោក ហេង ឲ្យដឹងថា ពុម្ពអក្សរជាទូទៅចំណាយពេលធ្វើ ១ខែ និងបូករួមទាំងការតេស្តប្រើទៀតនោះ អាចឈានដល់ ៣ ខែ។
អ្នករចនាពុម្ពអក្សរទាំងអស់ក្នុងក្រុមសុទ្ធតែពុំរៀន IT ដោយអ្នកខ្លះរៀនខាង សេដ្ឋកិច្ច អក្សរសាស្ត្រអង់គ្លេស និងជំនាញផ្សេងៗជាដើម។ តែដោយមានឆន្ទៈស្រឡាញ់ការរចនាពុម្ពទើប ប្រឹងប្រែងដល់សព្វថ្ងៃ។ អ្នកខ្លះត្រូវឆ្លៀតពេលទំនេរពីរៀន មករចនាពុម្ពអក្សរថ្មីៗ ឯខ្លះទៀតឆ្លៀតធ្វើនៅចង្ក្រានបាយក៏មាន។ លោក ហេង បញ្ជាក់។
លោកថា ក្រុមរចនាពុម្ពបានចំណាយទាំងពេលវេលា សម្ភារៈ ហើយអ្នកខ្លះធ្លាក់ខ្លួនដល់ម៉្ញូបក៏មាន ដើម្បីរចនាពុម្ពថ្មីៗសម្រាប់តែពលរដ្ឋប្រើប្រាស់ធម្មតា មិនមែនសម្រាប់ការបម្រើដល់អាជីវកម្មណាមួយឡើយ។
សមាជិកក្នុងក្រុមអ្នករចនាពុម្ពអក្សរខ្មែរមានលោក នៅ សំណាង (អាក្បាលធំ), ឆូយ ប៊ុនសុខហេង (ikampuchea), សូនម៉ៃ សុផានិត (JunHo), ធឹប មេត្តា, នូ សុវណ្ណារោត (អាស្វាដែក) និង នូ សុវណ្ណារ័ត្ន។
ចុងក្រោយ លោកចង់ឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមលើកស្ទួយនិងឲ្យតម្លៃអក្សរសាស្ត្រជាតិកាន់តែផុលផុស ដូចជាការសរសេរភាសាខ្មែរឲ្យបានច្រើនលើបណ្តាញអ៊ីនធឺណិតជាដើម។ ឯបណ្ដាស្ថាប័នដែលយកពុម្ពអក្សរទៅប្រើប្រាស់សម្រាប់អាជីវកម្ម គួរចូលរួមលើកស្ទួយឧបត្ថម្ភដល់ស្នាដៃប្រឹងប្រែងរបស់អ្នករចនាពុម្ពអក្សរខ្មែរទាំងឡាយ ដើម្បីឲ្យពួកគេមានកម្លាំងចិត្តបន្តការងារទៅថ្ងៃមុខទៀត៕
ប្រិយមិត្តអាចចូលទៅទាញយកពុម្ពថ្មីៗជាច្រើនទៀតលើវិបសាយនេះ www.aksorkhmer.com
អត្ថបទទាក់ទង៖