លោក ប្រាយុទ្ធ អញ្ជើញសម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចុងសប្តាហ៍នេះ
- 2019-06-19 02:50:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប្រាយុទ្ធ អញ្ជើញសម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលប្រព្រឹត្តធ្វើឡើងពីថ្ងៃទី២២ ដល់ ២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងបាងកក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នឹងផ្តោការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ីស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលក៏នឹងរិះរកមធ្យោបាយនានាក្នុងការធ្វើឱ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។
ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ាន សម្តេច ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួនដូចខាងក្រោម៖
-កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន
-កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន
-កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស មានការរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នឹងឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕