កង​កម្លាំង​ប៉េអឹម ក្រុម​មន្ត្រី​បរិស្ថាន ផ្ទុះអាវុធ​រំដោះខ្លួន​ចេញពីការ​ឡោមព័ទ្ធ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កោះកុង

  • 2019-06-21 03:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងកម្លាំង​ប៉េអឹម​ប្រដាប់​ដោយ​អាវុធ និង​មន្ត្រី​បរិស្ថាន​ រួមទាំង​ជនបរទេស​សរុប ៣៤​នាក់ បានប៉ះ​ទង្គិច​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណជា​​ ២០០​នាក់ រហូត​ដល់មាន​ការផ្ទុះ​អាវុធ​ថែម​ទៀត​ផង។ ការ​ប៉ះ​ទង្គិចគ្នា​នេះ​នៅភូមិ​ព្រះអង្គរកែវ ឃុំ​ដងពែង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង កាលពី​ល្ងាចថ្ងៃទី ២០ ខែ​មិថុនា ឆ្នាំ​២០១៩។

ការប៉ះ​ទង្គិចគ្នា​នេះ​ គឺ​ខណៈ​ដែល​ក្រុម​មន្ត្រី​បរិស្ថាន​មន្ត្រី​កង​រាជអាវុធហត្ថ បាន​ធ្វើការ​បើក​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយ​ក៏បាន​ប៉ះ​ទង្គិចគ្នា​ជាមួយនឹង​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ នៅក្នុង​ព្រៃ។ ហើយ​ក្រុម​ប្រជាពលរដ្ឋ​ បាន​ឡោមព័ទ្ធ​ក្រុមមន្ត្រី​បរិស្ថាន និង​កម្លាំង​ប៉េអឹម​ទាំងនោះ រហូតដល់​មាន​ការប្រើប្រាស់​ផ្សារគប់ដុំ​ថ្មមកលើ​សមត្ថកិច្ច​ថែមទៀត​ផង ជា​ហេតុធ្វើឲ្យ​កម្លាំង​សមត្ថកិច្ច​ផ្ទុះអាវុធ​ដើម្បី​បំបែក​ក្រុម​ប្រជាពលរដ្ឋ។ រហូតដល់​ម៉ោង​ជិត ១រំលង​អាធ្រាត្រឈាន​ចូលថ្ងៃទី២១ ខែ​មិថុនា ទើប​ក្រុមមន្ត្រីបរិស្ថាន​ និង​កម្លាំង​ប៉េអឹម សម្រេច​ចិត្ត​សម្រុក​ចេញមក​ខាងក្រៅ​បាន ។

តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា នៅ​វេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុមការងារ​ស្នាក់ការស្រែអំបិល បានធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដងពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។ លុះដល់ម៉ោង ៤:៣០នាទី ក្រុម​ល្បាត បានជួប​ប្រទះប្រជាពលរដ្ឋ​ប្រហែល ២០០នាក់ បានមក​រារាំង​បិទផ្លូវ​ក្រុម​ការងារ និង​ឃាត់​រថយន្ត​ក្រុមការងារ មិនឱ្យ​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីស្នាក់ការ​ល្បាត​វិញ។

កម្លាំង​ក្រុម​ការងារ​កំពុង​ជាប់​ក្នុងការ​រារាំងមាន៖ កងរាជអាវុធហត្ថ​ចំនួន ២២​នាក់ មន្ត្រី​បរិស្ថាន​ចំនួន ៦​នាក់ ជំនួយការ​របស់​អង្គការ​ចំនួន​៤នាក់ និង​ជនបរទេស​ចំនួន ២នាក់។ បន្ទាប់ពី​មាន​ការ​រារាំង​ក្រុម​បាន​រាយការណ៍​ជូន​អភិបាលខេត្ត​ដើម្បី​សុំ​អន្តរាគមន៍។

អភិបាលខេត្ត​កោះកុង បានបញ្ជា​ទៅស្រុក និង​ឃុំ ចាត់កម្លាំង​នគរបាលប៉ុស្តិ៍ និង នគរបាល​អធិការដ្ឋាន​ស្រុកស្រែ​អំបិល រួម​ជាមួយ​ក្រុម​ល្បាត បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ ដើម្បី​ឲ្យ​ពួកគាត់​បើកផ្លូវ តែ​ពួកគាត់​មិនព្រម ហើយ​ទាមទារឲ្យ​ក្រុមល្បាត​សន្យា​ដោះលែង​ជនសង្ស័យ​ថ្ងៃណា​ឲ្យច្បាស់លាស់ (ជនសង្ស័យ​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ករណី​សង់ផ្ទះ​ខុសច្បាប់​លើដី​ឧទ្យានជាតិ​ជួរភ្នំក្រវាញ​ខាងត្បូង កាលពី​សប្តាហ៍​មុន)។ ប៉ុន្តែ​នៅវេលា​ម៉ោង​១២:៥៦នាទី រំលង​អាធ្រាត្រ ក្រុមការងារ​ល្បាត​បាន​សម្រេចចិត្ត​សម្រុក​ចេញពី​ការរារាំង និងពេល​ដែលសម្រុក​ចេញនោះ ក្រុម​ប្រជាពលរដ្ឋ​ បានដេញតាម និងគប់ដុំថ្ម​មកលើ​កម្លាំង​ល្បាត ធ្វើឲ្យ​បែក​កញ្ចក់​ឡាន និង​ក្រុមល្បាត​បាន​បាញ់​គំរាម​ឡើងលើ​ចំនួន៥គ្រាប់ ដើម្បី​បញ្ឈប់​ដំណើរ​ដេញតាម​ពីសំណាក់​ក្រុមប្រជាពលរដ្ឋ​ដែល​រារាំង៕

អត្ថបទ៖ សោភា

;