លោក ឃួង ស្រេង៖ ការ​បំបែក​ខណ្ឌ​ថ្មី មិនមែន​ដើម្បី​ចែក​អំណាច​គ្នាទេ

  • 2019-06-21 06:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​បញ្ជាក់​ថា ការ​បំបែក​ខណ្ឌ​ថ្មី មិនមែន​ជាការ​បែងចែក​អំណាច​នោះទេ តែ​ដើម្បី​បង្ក​ភាព​ងាយស្រួល ក្នុងការ​ផ្តល់​សេវា និង​ដោះស្រាយ​បញ្ហា ឲ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​កាន់តែ​ល្អប្រសើរ​ប៉ុណ្ណោះ។ ការ​ថ្លែងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងពិធី​ប្រកាស​ស្តីពី​ការ​បង្កើត និង​ដាក់ឲ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​កំបូល។

រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ
លោក​ពន្យល់​ថា ដោយសារ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ដង្កោ​ធំ តែការ​ផ្តល់​សេវា​សាធារណៈ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ មិនសូវ​ទាន់​ពេលវេលា ទើបត្រូវ​រៀបចំ​បំបែក​ខណ្ឌថ្មី​បន្ថែម ដែលនេះ​ជា​គោលការណ៍ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ ។

«បងប្អូន​ប្រជាពលរដ្ឋ ខណ្ឌពោធិ៍សែនជ័យ​ធំ ដង្កោ​ក៏ធំ ពេលខ្លះ​មកមិន​សូវដល់​ទេ នៅក្នុង​ខណ្ឌ មាន​អភិបាល​ខណ្ឌ១ មាន​អភិបាល​រងខណ្ឌ​៤ ពេលខ្លះ​គេហៅប្រជុំ​អស់​រលីង​ពីខណ្ឌ។ អ៊ីចឹង​អត់មាន​អ្នកចុះ​ ពឹង​ទៅលើ​ក្រុមប្រឹក្សា​សង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ត្រូវរៀបចំ​មូលដ្ឋាន​របស់​ខ្លួន ធ្វើរបាយការណ៍​ទៅខណ្ឌ។ អ៊ីចឹង​ការបំបែក​ខណ្ឌនេះ ដោយ​សារចង់ ឲ្យអភិបាល​នៃគណៈអភិបាលខណ្ឌ​នេះ ក៏ដូចជា​ក្រុម​ប្រឹក្សា បាន​ចុះទៅខិតជិត​ជាមួយ​ប្រជាពលរដ្ឋ ក្តាប់​បញ្ហាឲ្យ​ទាន់​ពេលវេលា ហើយ​ដោះស្រាយ​ជូនគាត់​បានល្អ​ប្រសើរ នេះ​ជាចំណុច​សំខាន់ ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល»។ នេះជាការ​លើកឡើង​បន្ថែម​របស់​លោកអភិបាល​រាជធានី​ភ្នំពេញ។

សូម​ជម្រាប​ថា លោក ឃឹម ស៊ុនសូដា ជា​អភិបាលខណ្ឌ​កំបូល ត្រូវបាន​ប្រកាស ចូលកាន់​តំណែង​ជាផ្លូវការ កាលពី​ថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានីភ្នំពេញ។ ខណ្ឌកំបូល​ ត្រូវ​បាន​បំបែក​ចេញ ពី​ខណ្ឌពោធិ៍សែនជ័យ និង​ខណ្ឌដង្កោ ។ ខណ្ឌថ្មី​នេះ មាន៧​សង្កាត់ គឺ​សង្កាត់​កំបូល កន្ទោក ស្នោ ភ្លើងឆេះរទេះ ប្រទះឡាង ឪឡោក និង​សង្កាត់​បឹងធំ៕

ប្រភព៖ ដើមអម្ពិល

អត្ថបទថ្មី
;