ក្រុម EV Band ស្ថាបនិក ស្លាប់ សមាជិកដែលនៅរស់ ខ្លះរស់ទាំងវេទនា
- 2019-06-22 08:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម EV Band ស្ថាបនិក ស្លាប់ សមាជិកដែលនៅរស់ ខ្លះរស់ទាំងវេទនា
ចន្លោះមិនឃើញ
រំលឹកពីក្រុមចម្រៀងយុវវ័យ បើបកទៅកាលពីប្រមាណ ១០ឆ្នាំមុន ប្រិយមិត្តនឹងនឹកឃើញដល់ EV Band ដែលមានសមាជិក ៥នាក់ ឃុំ ប៉ុណ្ណាដែត សែម សង្វាត ប៊ូ វិចិត្រ ឱក សុគន្ធកញ្ញា និង យក់ ឋិតរដ្ឋា ដែលក្នុងចំណោមនេះ អ្នកខ្លះបាន និងកំពុងរស់នៅជាមួយជីវិតដ៏ត្រចះត្រចង់ ឯខ្លះទៀត ធ្លាក់ខ្លួនខ្លាំងមិនគួរឲ្យជឿ។
ក្រុមតារាចម្រៀង EV Band ត្រូវបានបង្កើតឡើងដោយលោក អ៊ា វឌ្ឍនា នៅឆ្នាំ ១៩៩៩ ដែលមានសមាជិកទាំងអស់ ៥នាក់ គឺ ឃុំ ប៉ុណ្ណាដែត សែម សង្វាត ប៊ូ វិចិត្រ ឱក សុគន្ធកញ្ញា និង យក់ ឋិតរដ្ឋា នេះឯង។ បទល្បីរបស់ពួកគេកាលណោះមានបទ "យើងជាយុវវ័យ" និងបទ "ប៊ិះសយ" ជាដើម។
វិលមកសមាជិកដែលនៅរស់រានវិញ អ្នកដែលឆាកជីវិតរីកស្គុះស្គាយជាងគេ គឺគ្មាននរណាក្រៅពី ឱក សុគន្ធកញ្ញា ឡើយ។ ពេលនេះ នាងបានប្រែក្លាយពីកូនចៅរស់ក្រោមម្លប់ហង្សមាស មកជាប្អូនថ្លៃរបស់ថៅកែវិញ ក្រោយពីនាង បានសាងជីវិតគូជាមួយលោក អ៊ឹង សុខលី។ ដូចប្រិយមិត្តដឹងហើយ មង្គលការរបស់នាងកាលពីពាក់កណ្ដាលខែមុន គគ្រឹកគគ្រេងខ្លាំង ផ្ដុំសុទ្ធតែថ្នាក់ដឹកនាំប្រទេស និងមន្ត្រីរដ្ឋាភិបាលកំពូលៗ ក្នុងសូម្បីសម្ដេចតេជោ ហ៊ុន សែន ក៏ផ្ដល់កិត្តិយសចូលរួមកាត់សក់បង្កក់សេរីជូនគូស្វាមី ភរិយា ថ្មោងថ្មីនេះផង។
ឃុំ ប៉ុណ្ណាដែត និង យក់ ឋិតរដ្ឋា ៖ តារាប្រុសស្រីទាំងពីរ បានប្រែពីមិត្តរួមអាជីព មិត្តរួមក្រុម មកជាគូស្វាមី ភរិយា នឹងគ្នា។ ពួកគេបានរៀបការរយៈពេលជាង ១០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកដល់បច្ចុប្បន្នមានកូនប្រុសចំនួន ៣នាក់។ ប្ដីប្រពន្ធសិល្បករមួយគូនេះ ក៏រស់ក្នុងជីវិតថ្កុំថ្កើងណាស់ដែរ។ ពួកគេមានរថយន្តទំនើបជិះ មានផ្ទះវីឡាស្នាក់នៅ ព្រមទាំងមានជំនួញជាច្រើនក្នុងដៃទៀត ក្នុងនោះ ឃុំ ប៉ុណ្ណាដែត ត្រូវបានគេដឹងថា ជាអ្នករកស៊ីផ្នែកអចលនទ្រព្យមួយរូបដែរ ដែលធានាភាពមានបានរបស់ពួកគេ ទោះមិនពឹងសិល្បៈ។
៣.ប៊ូ វិចិត្រ៖ ប៉ុន្មានថ្ងៃមកនេះ ព័ត៌មានបាន និងកំពុងផ្ទុះជាមួយលោក ប៊ូ វិចិត្រ ម្ចាស់បទ "ប៊ិសយ" ដោយសារតែលោកបានធ្លាក់ខ្លួនមិនគួរឲ្យជឿ។ តារាចម្រៀងកូនចិន ត្រូវបានគេប្រទះឃើញ មកធ្វើជាអ្នករយែឡានឲ្យគេនៅម្ដុំផ្សារស៊ីលិប ក្នុងសភាពគួរឲ្យសង្វេគ ត្បិតថា ស្មារតីអតីតតារាចម្រៀងហាក់មានភាពមិនប្រក្រតី ក្នុងនោះ តាមព័ត៌មានដោយសារតែលោក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍។ ឯព័ត៌មានខ្លះទៀតថា លោកធ្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
ស្ថានភាពបច្ចុប្បន្នរបស់ម្ចាស់បទ "ប៊ិះសយ" លោកគ្មានមធ្យោបាយធ្វើដំណើរ គ្មានសូម្បីតែទូរស័ព្ទចាស់មួយគ្រឿងសម្រាប់ប្រើទំនាក់ទំនង។ យ៉ាងណា ពេលនេះ លោកទទួលបានការយកអាសាពីមិត្តរួមអាជីពមួយចំនួនហើយ។
៤.សែម សង្វាត៖ ទន្ទឹមនឹងគ្នាដំណឹងពីការលំបាករបស់ ប៊ូ វិចិត្រ ងាកមកលោក សែម សង្វាត ឯណេះ ក៏ទើបធ្លាយដំណឹងថា លោកក៏មានស្ថានភាពជីវិតមិនប្រសើរដែរ ក្រោយពីបាត់មុខឈឹងពីសិល្បៈជាង ១០ឆ្នាំ។ តាមលោក ឃុំ ប៉ុណ្ណាដែត ជាអតីតមិត្តរួមក្រុម លោក សែម សង្វាត ធ្លាក់ខ្លួនឈឺនិងគ្មានសូម្បីតែថវិកាសម្រាប់មើលខ្លួន។ ដូច្នេះហើយ លោកបានសម្រេចលក់ផ្ទះសម្បែងអស់ទៅហើយ ដើម្បីយកលុយព្យាបាលជំងឺ។
"តារាចម្រៀងសំឡេងផ្អែម ជួប បង សែម សង្វាត ដោយចៃដន្យ មើលទៅគាត់លំបាកខ្លាំង គាត់មានជំងឺប្រចាំកាយ គ្មានអ្វីជួយគាត់ បានត្រឹមហៅគាត់បាយជាមួយ"។ ឃុំ ប៉ុណ្ណាដែត ថ្លែង។
ពាក់ព័ន្ធនឹងជំងឺនេះ លោក សែម សង្វាត តាមរយៈវីដេអូឡាយលើហ្វេសប៊ុករបស់លោក មុនធ្លាយដំណឹងពេលនេះ លោកបានប្រាប់ថា លោកមានជំងឺម្យ៉ាងតាំងពីនៅសិល្បៈម្ល៉េះ ប៉ុន្តែកាលនោះ មិនទាន់ធ្ងន់ធ្ងរ ទើបតែមកវិវត្តបន្តិចម្ដងៗ ពេលលោកឈប់ពីសិល្បៈមករកស៊ី។ចេញមុខតាមរយៈវីដេអូឡាយនោះ ម្ចាស់បទ "កម្មករឆ្លងដែន" ត្រូវបានគេមើលឃើញថា ស្គមខ្លាំង និងចាស់ច្រើន មើលមិនចង់ស្គាល់៕