ភោជនីយដ្ឋានម្ហូបខ្មែរមួយនៅសៀមរាបល្បីលំដាប់អាស៊ីតែជនជាតិខ្មែរស្គាល់តិច

  • 2019-07-01 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​បណ្ដោយ​លើ​ផ្លូវ ៧មករា ភូមិ​វត្ត​ដំរី ក្រុង​សៀមរាប ខេត្ត​សៀមរាប ផ្ទះ​រចនា​បទ​ខ្មែរ​សង់​ពី​ឈើ​បែប​បុរាណ​មាន​ដើម​ឈើ​ និង​រុក្ខជាតិ​ដុះ​ជុំ​ជិត​​ ពេល​យប់​មាន​ភ្លើង​បំភ្លឺ​ពណ៌​​លឿង​ស្រទន់​គយ​គន់​មិន​ស្កប់​ អម​ជាមួយ​អាហារ​ខ្មែរ​បែប​ទំនើប ប្លែក​ភ្នែក ​មាន​ឱជា​រស់​ជាតិ​ឆ្ងាញ់​​នោះ​គឺ​ជា ភោជនីយដ្ឋាន ​ខូស៊ីន វត្តដំណាក់ (Cusine Wat Domnak)។

ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ​មួយ​ដែល​ជនជាតិ​ខ្មែរ​ភាគ​ច្រើន​មិន​បាន​ស្គាល់​ ឬ​ធ្លាប់​ឃើញ​តែ​មិនបាន​បាន​អារម្មណ៍​ និង​គិត​ថា​គ្រាន់​ជា​ភោជនីយដ្ឋាន​មួយ​ដូច​ភោជនីយដ្ឋាន​ដទៃ​ផ្សេង​ទៀត​ដែល​មាន​នៅ​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សៀមរាប។

ខូស៊ីន វត្តដំណាក់ ត្រូវ​បាន​វេប​សាយ​វាយ​តម្លៃ​​​ផ្នែកភោជនីយដ្ឋាន និងអាហារ​​ល្បី​ឈ្មោះ​របស់​ចក្រភព​អង់គ្លេស​ theworlds50best.com​ បាន​វាយ​តម្លៃ​ និង​ដាក់ពិន្ទុឲ្យ​ជាប់​ជា​ភោជនីយដ្ឋាន​​ល្អ​មួយ​ក្នុង​ចំណោម​ភោជនីយដ្ឋាន​ល្អ​ទាំង​៥០ ​ក្នុង​តំបន់​អាស៊ី Asia's 50 Best Restaurants រយៈពេល​២ឆ្នាំ​ជាប់​គ្នាគឺ​ឆ្នាំ២០១៥​ និង២០១៦​។

សហ​ស្ថានិក ខូស៊ីន វត្តដំណាក់ លោក ងួន វេងឆាយ​បញ្ជាក់​ថា​ ហាង​នេះ​បើក​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ២០១១ ហើយ​បង្កើត​ឡើង​គឺចង់​ឲ្យ​ហាង​មួយ​នេះ​មាន​អ្វី​ដែល​ប្លែក​ពី​ហាង​ដទៃ​ត្រង់​យើង​ប្រើ​ផលិតផល​ក្នុង​ស្រុក​ដែល​យើង​មាន​​ និង​ច្នៃ​ប្រឌិត​យ៉ាង​ណា​ឲ្យ​អាហារ​របស់​យើង​មានភាព​ទាក់​ទាញ​ ​​ស្រស់​ស្អាត និងឆ្ងាញ់ ទៅ​តាម​​ផលិត​ផល​ក្នុង​ស្រុក​ដែល​យើង​មាន​​។ ចាប់​តាំង​ពី​បើក​រហូត​មក​ដល់​ពេល​នេះ​ភ្ញៀវ​ដែល​មក​ពិសា​អាហារ​ភាគ​ច្រើនគឺ​ជា​ជន​ជាតិ​បរទេស​​ ហើយ​ភ្ញៀវ​ខ្មែរ​មាន​តិច​តួច​បំផុត​ហើយ​​ជា​ភ្ញៀវ​មក​ពី​រាជធានី​ភ្នំពេញ​ទៀត។

តើ​ដើម្បី​ជាប់​ជា​ភោជនីយដ្ឋាន​ល្អ​មួយ​ក្នុង​តំបន់​អាស៊ី​ តើ​គេ​ពិនិត្យ​លើ​ចំណុច​អ្វី​ខ្លះ?​

​ លោក​ ងួន វេង​ឆាយ​ បាន​ឆ្លើយ​ប្រាប់​ថា​ មុន​ទទួល​បាន​ចំណាត់​ថ្នាក់​នេះ​​គឺ​មាន​គណៈកម្មការ​វាយ​តម្លៃ​ចុះ​មក​មើល​នឹង​ភ្លក់​អាហារ​នៅ​ហាង​របស់​យើង​ផ្ទាល់​ហើយ​ទើប​គេ​ឲ្យ​ពិន្ទុ​​ និង​វាយ​តម្លៃ។ សម្រាប់សំណួរ​សួរ​ថា​តើ​យើង​ទាក់​ចិត្ត​ពួក​គេ​ដោយ​របៀប​ណា​? យើងក៏មិនដឹងដែរ តែគ្រាន់តែយើងដឹងថា អ្វី​ដែល​សំខាន់​បំផុត គឺអាហារត្រូវតែល្អហើយឆ្ងាញ់។ អ្វី​ដែល​សំខាន់​មួយ​ទៀត​គឺ​យើង​បើក​ហាង​ចំពេលវេលា​ដែល​ត្រូវ​នឹង​ប្រភេទ​អាហារ​របស់​យើង​។ ភាគ​ច្រើន​ពួក​គេ​មិន​សូវ​ជឿ​ជាក់​លើ​ម្ហូប​របស់​ខ្មែរ​នោះ​ទេ​ តែ​យ៉ាង​ណា​ពួក​យើង​នៅ​តែ​បន្ត និង​ប្ដេជ្ញា តាម​គោល​បំណង​ចម្បង​របស់​ហាង​យើង គឺ​ប្រើ​តែ​ផលិត​ផល​ក្នុង​ស្រុក​មាន​គុណ​ភាព​​ដែល​មាន​ក្នុង​ឈុត​មុខ​ម្ហូប​ដែល​យើង​បាន​រៀប​ចំ​។

​លោក​ វេងឆាយ​ បាន​បញ្ជាក់​ថា ម្ហូប​អាហារ​ទាំង​អស់​នៅ​ ខូស៊ីន វត្តដំណាក់ ជា​អាហារ​មាន​រសជាតិ​ខ្មែរ​តែ​បច្ចេកទេស​ធ្វើ​ម្ហូប​ប្រទេស​បារាំង រាល់​មុខ​ម្ហូប​បង្កើត​ដោយ​មេ​ចុងភៅ​ជនជាតិ​បារាំង​ និង​ជា​សហស្ថានិក​លោក Joanne Rivière ដោយ​ផ្ទាល់​។ គ្រឿង​ផ្សំ​ម្ហូប​ស្ទើរ​តែ​ទាំង​ស្រុង​គឺ​ទិញ​ពី​កសិដ្ឋាន​ ​និង​ព្រៃ​ក្នុង​តំបន់​អង្គរ​ជុំវិញ​ខេត្ត​សៀមរាប លើក​លែង​តែ​​ផលិត​ផល​មួយ​ចំនួន​ដែល​យើង​ប្រើ​ផលិត​ផល​នាំ​ចូល​​មាន​ដូចជា​ ទឹក​ដោះគោ​ សូកូឡា​ ខ្ទឹមស ​​ផ្សិត​ខ្មៅ​ស្ងួត ​​និង​ប្រេងចម្អិនអាហារ​។

លោក Joanne Rivière មេ​ចុងភៅ​ជនជាតិ​បារាំង

​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ មុខ​ម្ហូប​នៅ​ទី​នេះ​ផ្លាស់​ប្តូរ​ជា​រៀង​រាល់​សប្តាហ៍​ដើម្បី​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មេចុងភៅ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;