លោក សៅ សុខា៖ មន្ត្រីពាក់ព័ន្ធបទល្មើសព្រៃឈើនឹងទទួលទោស ហើយឡានដឹកឈើនឹងត្រូវកម្ទេចចោល
- 2019-07-11 02:14:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សៅ សុខា៖ មន្ត្រីពាក់ព័ន្ធបទល្មើសព្រៃឈើនឹងទទួលទោស ហើយឡានដឹកឈើនឹងត្រូវកម្ទេចចោល
ចន្លោះមិនឃើញ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួន រួមទាំងអ្នកផ្សំគំនិតទាំងអស់ បើសិនជារកឃើញថា មានការជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ។ ហើយគណៈកម្មការកំពុងតែពិនិត្យ និងផ្ទៀងផ្ទាត់ឯកសាររបស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានកសិកម្មពីរាជរដ្ឋាភិបាល។
ការប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ បានធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំ នៅក្នុងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងការបង្ក្រាបនេះ បានចាប់ខ្លួនលោកឧកញ៉ា សឹង្ហ សំអុល នាយកក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ រួមទាំងបក្ខពួក និងបានរកឃើញរថយន្តដឹកឈើជាង ៤០គ្រឿង លាក់ទុកនៅក្នុងព្រៃ។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់ [ខ្លីៗ] កាលពីព្រលប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ថា កិច្ចការងាររបស់គណៈកម្មការគឺត្រួតពិនិត្យផ្ទៀងផ្ទាត់ក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលដីសម្បទានកសិកម្ម។ ហើយទាក់ទងមធ្យោបាយដែលលាក់ទុកក្នុងព្រៃ យកមកអត់បាន គឺ កម្ទេចចោលតែម្តងនៅនឹងកន្លែង។
លោកបានសង្កត់ធ្ងន់ថា៖ «ចំពោះអ្នកដែលមានការពាក់ព័ន្ធបទល្មើសបានឃាត់ខ្លួនខ្លះ ហើយនឹងអនុវត្តច្បាប់។ រីឯអ្នកដែលនៅសេសសល់ម្ចាស់មធ្យោបាយ ឈ្មួញឲ្យលុយនៅពីក្រោយទាំងខ្មែរ ទាំងបរទេស ជាមួយអ្នកផ្សំគំនិតទាំងអស់ ទាំងមន្ត្រីកំពុងតែបាននឹងបន្តធ្វើបណ្តើរៗ រហូតផ្ទៀងផ្ទាត់ដល់អស់ឯកសារ ស៊ីញ៉េចុះ ស៊ីញ៉េឡើង ដឹកជញ្ជូន គគ្រឹកគគ្រេងបំផ្លិចបំផ្លាញទាំងអស់ បើរកឃើញថា មានបទល្មើសមន្ត្រីទាំងនោះ ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ដែរ គណៈកម្មការនឹងប្តឹងតាមផ្លូវច្បាប់ទាំងអស់។ មធ្យោបាយយកមកមិនបាន គឺបំផ្លាញចោល និងប្រើឧបករណ៍ដើម្បីកាត់កម្ទេចចោលទាំងអស់ គឺខ្ញុំត្រៀមម៉្សៅ TNT កម្ទេចចោលទាំងអស់ អត់មាននិយាយច្រើនទេ ចង់តវ៉ាស្អីណា ខ្ញុំមិនដឹងទេ ព្រោះខ្ញុំការពារព្រៃឈើ ព្រោះអស់ព្រៃឈើងាប់ទាំងអស់គ្នាហើយ»។
ទាក់ទងការចាប់ខ្លួនឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក (សរុប៤នាក់) ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា ដោយសារតែបទល្មើសវាកើតឡើងនៅក្នុងខេត្តមណ្ឌលគីរី ហើយជាសមត្ថកិច្ចនៅចំពោះមុខ គឺចាត់ការនៅខេត្តមណ្ឌលគីរី។ ប៉ុន្តែលោកគិតថា តុលាការខេត្តមណ្ឌលគីរី គាត់ប្រហែលជាពិបាកក្នុងការចាត់ការ លោកក៏បានទាក់ទងជាមួយសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ទេរសមត្ថកិច្ចតុលាការ។ ចំពោះការបញ្ជូនមនុស្សទាំងបួននាក់នេះ មកភ្នំពេញ គឺនៅមិនទាន់ដឹងទេ រង់ចាំមើលតុលាការមណ្ឌលគីរី ចាត់ការយ៉ាងម៉េច បើចាត់ការរលូន គឺមិនចាំបាច់បញ្ជូនមកភ្នំពេញ តែបើសិនជាមានបញ្ហា គឺសុំផ្ទេរសមត្ថកិច្ចតុលាការហើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលប្រកបមុខរបររកស៊ីដឹកជញ្ជូនឈើ គឺបញ្ឈប់ទៅ៕