ប្រតិភូ​ស្ថានទូត​៣០​ប្រទេស​ប្រចាំ​នៅថៃ មក​ធ្វើទស្សនកិច្ច​នៅ​ស្ពាន​ស្ទឹងបត់

  • 2019-07-12 02:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិភូ​ស្ថានទូត ៣០​ប្រទេស​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ​ប្រមាណ ៣៥​នាក់​ បាន​ធ្វើដំណើរ​ឆ្លងដែន​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មក​បំពេញ​ទស្សនកិច្ច​នៅ​​ក្នុង​ភូមិសាស្រ្ត​ខេត្ត​បន្ទាយមានជ័យ ក្នុងនោះ​រួមមាន​ស្ពាន​ស្ទឹងបត់​ផងដែរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​ការ​ទទួលស្វាគមន៍​ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ។ នេះបើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ ការ​មកធ្វើទស្សនកិច្ច​នេះ គឺ​តបតាមការ​អញ្ជើញ​របស់​អគ្គរាជទូតកម្ពុជា​ប្រចាំ​នៅ​ប្រទេសថៃ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី បាន​ជម្រាបជូន​ប្រតិភូស្ថានទូត​ទាំងនោះ​ឱ្យដឹង​ថា ខេត្តបន្ទាយមានជ័យ​ជាខេត្ត​ដែលជាប់ព្រំដែន​កម្ពុជា-ថៃ កាលពី​អតីតកាល​ជាសមរភូមិសង្រ្គាម​ក្តៅគគុក។ ក្រោយពី​ប្រទេសកម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ ខេត្តបន្ទាយមានជ័យ​បាននឹង​កំពុងមានការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់វិស័យ។ មិនតែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ដាក់ចេញ​នូវគោលនយោបាយ​ដោយ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ និងការ​អភិឌ្ឍ​ឱ្យរីក​ចម្រើន។

លោកបន្តថា ខេត្តបន្ទាយមានជ័យ​មានស្រុក​ក្រុង​ចំនួន៩ ដោយមាន​ច្រកអន្តរជាតិ២​ និងច្រកទ្វារ​តំបន់​ព្រំដែន​ចំនួន២ រវាង​កម្ពុជា និង​ថៃ។ ប្រជាជនខេត្តបន្ទាយមានជ័យ​ភាគច្រើន​ប្រកមុខរបរ​កសិកម្ម។ ខេត្តនេះ​បច្ចុប្បន្នមាន​សក្តានុពល​ផ្នែកកសិកម្ម​ជាពិសេស​លើដំណាំ​ឧសហ្សាកម្ម។

ប្រតិភូស្ថានទូត ៣០ប្រទេសនេះ បាន​បន្តដំណើរទៅ​កាន់​ខេត្តសៀមរាប​ ហើយ​គ្រោងនឹង​ត្រឡប់មកខេត្ត​បន្ទាយ​មានជ័យ​វិញ នៅថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ២០១៩ ដើម្បី​ពិនិត្យ​និងស្វែងយល់​នៃសង្វាក់​ផលិតកម្ម​នៅក្នុង​រោងចក្រ​កិនស្រូវ មួយកន្លែង​នៅចំណុច​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ហើយ​បន្តដំណើរ​ទៅប្រទេសថៃ​វិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទថ្មី
;