De Jong ពីកីឡាករតម្លៃខ្លួនតែ ១ ដុល្លារក្លាយជា SuperStar
- 2019-07-15 03:55:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Jong ពីកីឡាករតម្លៃខ្លួនតែ ១ ដុល្លារក្លាយជា SuperStar
ចន្លោះមិនឃើញ
យោងតាមប្រភពពី As.com បានបង្ហើបថា គ្រាដែលក្លឹប Ajax ទិញយកយុវជន Frankie De Jong នៅដើមឆ្នាំ ២០១៥ ពីក្លឹប Willem II នោះគឺក្នុងតម្លៃខ្លួនតែ ១ អឺរ៉ូ (ប្រមាណជា ១,១ដុល្លារ) ប៉ុណ្ណោះ ខណៈដែលយុវជនក្លឹប Willem II ផ្សេងទៀតផ្ទេរទៅក្នុងលក្ខខណ្ឌខ្ចីជើង។
យ៉ាងណាមិញ ការដោះដូរកីឡាករក្នុងតម្លៃទាបបែបនេះ ត្រូវបានប្រភពខាងលើទម្លាយថា គឺជាអាជីវកម្មរបស់ក្លឹប ដែលបានដាក់លក្ខខណ្ឌមួយគឺ បើកាលណាកីឡាកររូបនេះត្រូវបានក្លឹបផ្សេងទិញយក នោះពួកគេនឹងទទួលបានចំណែក ១០% មានន័យថា តម្លៃខ្លួន De Jong ៨៥ លានដុល្លារ ក្លឹបចាស់នឹងទទួលបាន ៨,៥ លានដុល្លារ។
រំឮកបន្តិចថា Frankie De Jong កើតនៅឆ្នាំ ១៩៩៧ មានស្រុកកំណើតនៅតំបន់ Arkel ភាគខាងត្បូងប្រទេសហូឡង់។ កុមារាម្នាក់នេះមានទេពកោសល្យខ្ពស់ខាងបាល់ទាត់ ធ្លាប់ចូលលេងនៅក្នុងក្រុម ASV Arkel តាំងពីអាយុ ៥ ឆ្នាំ។ Dejong លេងឲ្យក្រុម RJO Williem II និង RKC Waalwijk ចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៤។
Dejong បានឡើងមកលេងនៅឈុតយុវជន U17 ក្រុម Willem II ឆ្នាំ ២០១៤ និងបន្តឡើងដល់ឈុត U21 នៅខែសីហាឆ្នាំ ២០១៥។ ការផ្ទេរចុះ-ឡើងៗពី ក្រុម Willem II ទៅ Ajax បន្តរហូតដល់ខែ កក្កដា ២០១៦ ទើបមានឱកាសចូលឈុតធំ ដែលលេងនៅលីគកំពូលហូឡង់ ប្រជែងយកពានក្នុងស្រុកជាមួយនិងក្រុមដទៃទៀត។
ក្រោយចំណាយពេលជាង ២ ឆ្នាំលេងក្នុងឈុតយុវជនក្លឹប Ajax និងប្រម៉ូតមកឈុតធំ កីឡាករកម្ពស់ ១,៨១ (ម៉ែត្រ) រូបនេះ លេងក្នុងតំណែង ជាខ្សែបម្រើកណ្ដាល ដោយចាប់ដៃគូជាមួយមិត្តរួមក្រុមជួយឲ្យ Ajax លើកពានលីគកំពូលហូឡង់(Dutch Eredivisie League Champions) និងឈ្នះពាន Ducth Cup នៅរដូវកាល ២០១៨-២០១៩ ព្រមទាំងបានរួមចំណែកជួយឲ្យ Ajx ទម្លាក់ក្រុមខ្លាំងៗឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខណ្ឌ Champion League ថែមទៀតផង។
De Jong បង្ហាញខ្លួនគិតគ្រប់ការប្រកួត គិតទាំងនៅជម្រើសជាតិហូឡង់ បានចំនួន ១៦៣ ដង រកបាន ២១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ២៦ ដង។
កម្រិតសមត្ថភាពលេងបាល់ឡើងជាលំដាប់បែបនេះហើយ ធ្វើឲ្យខ្សែបម្រើវ័យ ២២ ឆ្នាំ លេចធ្លោខ្លាំងក្នុងទីផ្សារដោះដូរកីឡាករ ព្រោះត្រូវក្លឹបធំៗជាច្រើនចង់បាន ក៏ប៉ុន្តែក្លឹប Ajax ព្រមព្រៀងលក្ខខណ្ឌលក់ទៅក្លឹប Barcelona កាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ ក្នុងតម្លៃ ៧៥ លានអឺរ៉ូ (ត្រូវនឹងជាង ៨៥ លានដុល្លារ) ដោយចុះកុងត្រា ៥ ឆ្នាំព្រមជាមួយនឹងទឹកប្រាក់បន្ថែម ។
ទោះជាមិនទាន់បានបង្ហាញខ្លួនមួយប្រកួតណានៅឡើយនៅកីឡដ្ឋាន Camp Nou ឲ្យក្រុមបាសេឡូណា តែយុវជនសញ្ជាតិហូឡង់ពេញដោយសមត្ថភាពរូបនេះ បានវិវិឌ្ឍន៍ខ្លួនពីកីឡាករតម្លៃ ១ ដុល្លារមកក្លាយជា SuperStar រួចទៅហើយ ពោលគឺក្លាយជា កីឡាករហូឡង់ទី ២០ ដែលផ្ទេរមកលេងឲ្យក្រុមធំនៅតំបន់កាតាឡាន់ ប្រទេសអេស្ប៉ាញ៕
អត្ថបទទាក់ទង៖