អ្នកប្រដាល់ដែលប៉ាគីអៅ ត្រៀមវ៉ៃដណ្ដើមខ្សែក្រវាត់ថ្ងៃអាទិត្យនេះ មិនដែលស្គាល់ពាក្យថាចាញ់ ឬស្មើនោះទេ
- 2019-07-17 03:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ដែលប៉ាគីអៅ ត្រៀមវ៉ៃដណ្ដើមខ្សែក្រវាត់ថ្ងៃអាទិត្យនេះ មិនដែលស្គាល់ពាក្យថាចាញ់ ឬស្មើនោះទេ
ចន្លោះមិនឃើញ
Keith Thurman ដែលជាគូប្រកួតរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នាព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ គឺជាអ្នកប្រដាល់អាមេរិកាំង ដែលប្រឡូកក្នុងប្រដាល់សាកលអាជីព ១២ឆ្នាំមកហើយ។ កីឡាកររូបនេះ មិនធ្លាប់ចាញ់ ឬស្មើនោះទេ ពោលគឺប្រកួត ៣០ដង ឈ្នះ ២៩ដង និងទុកជាមោឃៈ (no contest) ម្ដង។ ក្នុងចំណោមជ័យជម្នះទាំង ២៩ដងនោះ គឺមាន ២២ដងហើយ ដែលកីឡាករកម្ពស់ ១,៧០ម៉ែត្ររូបនេះ អាចវាយគូប្រកួតឲ្យសន្លប់។
ចំណុចខ្លាំងរបស់ Keith គឺកណ្ដាប់ដៃដ៏ធ្ងន់។ អ្នកប្រដាល់វ័យ ៣០ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានកណ្ដាប់ធ្ងន់ជាងគេមួយរូប ក្នុងប្រភេទទម្ងន់ Welterweight (ជាង ៦៦គីឡូក្រាម) រហូតទទួលបានរហស្សនាមថា "One Time"។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាកររូបនេះ បានឈ្នះខ្សែក្រវាត់ WBA Welterweight តាំងតែពីឆ្នាំ ២០១៥ មកម្ល៉េះ (ឡើងជា WBA Super Welterweight ឆ្នាំ២០១៧) ដោយពុំទាន់មានកីឡាករណាអាចដណ្ដើមបានឡើយ។ កីឡាករជាច្រើន ដែលបានឡើងប្រកួតដណ្ដើមខ្សែក្រវាត់នេះ ពី Keith Thurman ប៉ុន្តែសុទ្ធតែរងបរាជ័យ ដែលមានដូចជា Luis Collazo, Shawn Porter, Danny García និង Josesito López ជាដើម។
កីឡាករបន្ទាប់ ដែលត្រូវចូលមកដណ្ដើមខ្សែក្រវាត់នេះ គឺអ្នកប្រដាល់វ័យ ៤០ឆ្នាំ Manny Pacquiao។ អ្នកប្រដាល់កម្ពស់ ១,៦៨ម៉ែត្ររូបនេះ ធ្លាប់ប្រកួត ៧០ដង (ឈ្នះ ៦១ ចាញ់៧ និងស្មើ ២)។ ប្រកួតចុងក្រោយ ឈ្នះអ្នកប្រដាល់អាមេរិក Adrien Broner ដោយពិន្ទុជាឯកច្ឆ័ន្ទ ការពារខ្សែក្រវាត់ WBA (Regular) welterweigh បានសម្រេច។
តើ Pacquiao អាចដណ្ដើមខ្សែក្រវាត់ WBA (Super) welterweight ពី Thurman បានដែរឬទេ? ការប្រកួតធ្វើឡើងនៅសង្វៀន MGM Grand Garden Arena នៅ Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា៕