វៀតណាម គ្រោង​រកវិធីសាស្រ្ត​បន្ថែម​ទៀត ដើម្បី​រក្សា​សព​លោក​ហូជីមិញ ឱ្យកាន់​តែយូរ

  • 2019-07-19 03:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សា​វិទ្យាសាស្រ្តវេជ្ជសាស្រ្តរបស់វៀតណាម បាន​ស្នើឱ្យ​រដ្ឋាភិបាល​ស្វែងរកដំណោះស្រាយ​បច្ចេកទេស និង​វិទ្យាសាស្រ្ត​ ដើម្បីធានារក្សា​សព​លោកហូជីមិញ ឱ្យកាន់តែមានរយៈពេល​យូរ។ នេះបើតាមការលើកឡើង​របស់​លោកសាស្រ្តាចារ្យ Dang Vu Minh ដែល​ជាប្រធាន​ក្រុមប្រឹក្សានេះ ក្នុង​អំឡុង​កិច្ចប្រជុំជាមួយ​នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅក្រុងហាណូយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ pauldarnell.wordpress
លោកបានឱ្យដឹងថា ក្រុមប្រឹក្សា​បាន​ធ្វើការ​ពិនិត្យ និងវាយតម្លៃលើការរក្សាសពលោកហូជីមិញ កាលពីសប្តាហ៍មុន បន្ទាប់ពីសកសពនេះ​ត្រូវបាន​អប់ដាក់ថ្នាំ​មិន​ឱ្យស្អុយរលួយ​តាំងពី​ជិត ៥០ឆ្នាំមុន។

ចំណែក​លោកសាស្រ្តាចារ្យ Banin Victor Vasilievich មកពី​បណ្ឌិត្យសភា​វិទ្យាសាស្រ្តរុស្ស៊ី បាន​ថ្លែងថា ក្រុមប្រឹក្សា​នេះ បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​គណៈគ្រប់គ្រង​ចេតិយតម្កល់សពលោកហូជីមិញ និង​មជ្ឈមណ្ឌលស្រាវជ្រាវជីវវេជ្ជសាស្រ្ត​ក្រុងមូស្គូ។

លោក​ថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយគុណភាពដល់​បុគ្គលិក​វេជ្ជសាស្រ្ត និង​អ្នក​បច្ចេកទេស ដែល​ពាក់ព័ន្ធនឹងការងារ​រក្សាសពនេះ។

ថ្លែង​ក្នុងកិច្ចប្រជុំនេះ លោក ង្វៀន សួនហ៊្វុក បាន​សម្តែង​ការអបអរ​សាទរ​ដល់​ក្រុមប្រឹក្សា​ខាងលើ និង​អ្នក​វិទ្យាសាស្រ្តរុស្ស៊ី​សម្រាប់​ការគាំទ្រ និងការ​សម្រប​សម្រួល​របស់​ពួកគេ។ លោក​នាយករដ្ឋមន្រ្តី បាន​អំពាវនាវ​ឱ្យអ្នកវិទ្យាសាស្រ្តក្នុងស្រុក និង​បរទេស ព្រមទាំង​គណៈគ្រប់គ្រង​ចេតិយ ធ្វើការរួមគ្នា​លើក​ការ​រក្សាសព​នេះ​ផងដែរ។

អតីត​ប្រធានាធិបតី​វៀតណាម លោកហូជីមិញ បាន​ទទួល​មរណភាព​នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ​១៩៦៩។ សព​របស់​លោក​ ត្រូវបាន​តម្កល់​ក្នុងចេតិយ​ហៅថា « Hồ Chí Minh Mausoleum» នៅ​ទីលាន Ba Dinh Square។ ចេតិយ​នេះ ត្រូវបាន​សាងសង់​ឡើង​រយៈពេល ២ឆ្នាំ ពីឆ្នាំ ១៩៧៣ ដល់ ១៩៧៥។ ទីតាំង​នេះ​បាន​​ទាក់ទាញ​ភ្ញៀវ​ចូល​ទស្សនា​រាប់ពាន់​នាក់​ក្នុង​មួយឆ្នាំៗ៕

រូបថត៖ VNA

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;