ក្រសួង​មហាផ្ទៃ​ដាក់ផែនការ​បង្ក្រាប​គ្រឿងញៀន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម

  • 2019-07-22 07:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​ដាក់ចេញ​នូវផែនការ​ស្ដីពី​យុទ្ធនាការ​បង្ក្រាប​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាមបណ្ដោយ​ព្រំដែន​កម្ពុជា​វៀតណាម។ ការដាក់ចេញ​នូវ​ផែនការ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី​យុទ្ធនាការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​វៀតណាម​នៅព្រឹកថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៩ នៅទីស្ដីការ​ក្រសួង​មហាផ្ទៃ​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍​សន្តិបណ្ឌិត​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

រូបថត៖ ផ្តល់ឱ្យ
ផែនការ​ស្ដីពី​យុទ្ធនាការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រួមមាន​ដូចតទៅ៖

-ដាក់ចេញ​ទិសដៅ​ និង​វិធានការ​ជាក់ស្ដែង​សំដៅ​ដោះស្រាយ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ជាពិសេស​សកម្មភាព​នៃការ​ដឹកជញ្ជូន​គ្រឿងញៀន​ទៅវិញទៅមក​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ។

-លើក​កម្ពស់​ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅតាម​តំបន់ព្រំដែន​កាន់តែ​ប្រសើរឡើង​ដែលរួម​សហការ​ជាមួយភាគី​វៀតណាម​បញ្ជា​បាននូវ​ឥទ្ធិពល​អវិជ្ជមាន​នានា​បណ្ដាល​មកពី​គ្រឿងញៀន។

-កងកម្លាំង​អនុវត្តច្បាប់​ ក៏ដូចជា​អាជ្ញាធរ​ដែនដី និងសមត្ថកិច្ច​ពាក់ព័ន្ធ​តាមព្រំដែន និងច្រកព្រំដែន​កម្ពុជា-វៀតណាម ទប់​ស្កាត់​នូវ​ឥទ្ធិពល​អវិជ្ជមាន​នានា​បណ្ដាល​មកពី​គ្រឿងញៀន។

ក្រសួង​មហាផ្ទៃ ក៏បាន​សំណូមពរ​កងកម្លាំង​អនុវត្តច្បាប់ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាមព្រំដែន និងច្រកទ្វារ​ព្រំដែន​កម្ពុជា​វៀតណាម​ ត្រូវបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមភាគី​វៀតណាម​ឲ្យបានកាន់​តែជិតស្និទ្ធ និងខ្លាំងក្លា​បន្ថែមទៀត​ដើម្បី​ធ្វើសកម្មភាព​ព្រមគ្នា​ ក្នុងការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យសម្រេចបាន​លទ្ធផល​ល្អ និង​បង្កើនយុទ្ធនាការ​ឃោសនា​ប្រមូលផ្ដុំ​កម្លាំង​ពីមហាជន និងប្រជាពលរដ្ឋ​នៅតាម​តំបន់ព្រំដែន ឱ្យចូលរួម​ក្នុងចលនា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាន់តែសកម្ម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;