ឃើញ Floyd ឌឺដងច្រើនពេក Pacquiao បបួលវ៉ៃគ្នាម្ដងទៀត
- 2019-07-24 07:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ Floyd ឌឺដងច្រើនពេក Pacquiao បបួលវ៉ៃគ្នាម្ដងទៀត
ចន្លោះមិនឃើញ
Manny Pacquiao បានបបួល Floyd Mayweather ប្រកួតគ្នាជាលើកទី២ ក្រោយពីទទួលរងពាក្យឌឺដងពីអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក។
Floyd បានសរសេរនៅលើ Instagram របស់ខ្លួនថា៖
"ខ្ញុំពិតជាចម្លែកចិត្តណាស់ នៅពេលណាដែលឃើញឈ្មោះ Pacquiao នៅលើបណ្ដាញផ្សព្វផ្សាយ គឺតែងតែមានការភ្ជាប់ឈ្មោះខ្ញុំទៅជាមួយ។ ភាពល្បីល្បាញ និងអាជីពរបស់បុរសរូបនេះ (Pacquiao) ហាក់ដូចជាត្រូវបានកសាងឡើងដោយសារការពាក់ព័ន្ធនឹងខ្ញុំ។ វាល្មមដល់ពេលដែលអ្នក (អ្នកសារព័ត៌មាន) គួរឈប់ប្រើឈ្មោះខ្ញុំ ដើម្បីទាក់ទាញឲ្យគេចាប់អារម្មណ៍ទៀត ហើយទុកឲ្យបុរសរូបនោះ កសាងឈ្មោះដោយខ្លួនឯងទៅ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកទាំងអស់គ្នាបានឮថា "Floyd ខ្លាច Manny Pacquaio" ប៉ុន្តែអ្វីដែលជារឿងអស់សំណើច គឺពេលប្រកួតគ្នា គឺខ្ញុំអាចយកឈ្នះយ៉ាងផុយ ដែលធ្វើឲ្យរិះគន់ទាំងនោះ ស្ងាត់មាត់ដូចគេចុក"។
អ្នកប្រដាល់វ័យ ៤២ឆ្នាំ បានបន្តថា៖
"ពួកអ្នកដែលហៅខ្លួនឯងថាជាអ្នកជំនាញខាងប្រដាល់ ឬជាអ្នកច្រណែន និងអ្នករិះគន់ទាំងនោះ អស់ពាក្យនិយាយ ឬក៏ព្យាយាមរកលេសផ្សេងៗ ដោយឲ្យខ្ញុំវ៉ៃជាមួយ Manny Pacquiao ម្ដងទៀតជាដើម។ ខ្ញុំបានបង្ហាញប្រាប់ពួកគេម្ដងទៀត ក្រោយខ្ញុំបំបែកកំណត់ត្រារបស់ Rocky Marciano (កំណត់ត្រាប្រកួតមិនដែលចាញ់ ៤៩ដង)។ ពួកគេមិនអាចទទួលយកបានទេ ដោយសារខ្ញុំមានស្បែកខ្មៅ ខ្ញុំឈប់រៀនត្រឹមថ្នាក់វិទ្យាល័យ តែខ្ញុំអាចជំនះរឿងទាំងនោះ រហូតអាចចូលនិវត្តន៍ ដោយមិនស្គាល់ពាក្យថាចាញ់។ នៅទីបញ្ចប់ គឺខ្ញុំជាអ្នកសើច!"។
"អ្នកឯងជាអ្នកមកមើលការប្រកួតរបស់ខ្ញុំ ហើយបានប្រើឈ្មោះខ្ញុំនៅក្នុងសារររបស់ខ្លួនឯងទៀត តែអ្នកបែរជាថា ខ្ញុំជាអ្នកដែលព្យាយាមចង់ពាក់ព័ន្ធនឹងអ្នក? ប្រសិនបើចង់ពាក់ព័ន្ធនឹងខ្ញុំមែន ... តោះ #MayPac2 (ជួបគ្នាលើកទី២)"។
គួររំលឹកផងដែរថា កំពូលអ្នកប្រដាល់ទាំង២ រូបនេះ បានជួបគ្នាកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ដោយ Floyd ជាអ្នកឈ្នះ ដោយពិន្ទុជាឯកច្ឆ័ន្ទ (១១៨-១១០, ១១៦-១១២, ១១៦-១១២)៕
ចុចអាន៖ ធ្លាយក្រដាសដាក់ពិន្ទុ! ចៅក្រមដែលដាក់ពិន្ទុឲ្យប៉ាក់គីអៅ ចាញ់ ទទួលរងការរិះគន់