ព្រះមហាក្សត្រ យាងចែកព្រះរាជអំណោយដល់ប្រជានុរាស្រ្ត នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
- 2019-07-26 04:32:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រ យាងចែកព្រះរាជអំណោយដល់ប្រជានុរាស្រ្ត នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជានុរាស្រ្តចំនួន ៤៣៨គ្រួសារ សិស្សានុសិស្សចំនួន ៣៧៩នាក់ ស្ថិតនៅភូមិព្រៃរំដែល ភូមិតានក ភូមិព្រៃខ្លា ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត។
ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជានុរាស្ត្រទាំង ៤៣៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល៕
អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពង់ស្ពឺ