ទួល​មួយ​ក្បែរ​ដែន​ជម្រក​សៀមប៉ាង ជា​ទ្រនំ ​«សត្វត្រយ៉ង​ចង្កំ ក ស» ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក

  • 2019-08-01 03:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា បាន​ឱ្យដឹង​នៅថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៩​ថា «ទួលបុស្សភ្ញៀវ» គឺជាទ្រនំ​សត្វត្រយ៉ងចង្កំ ក ស ធំជាង​គេ​បំផុត​នៅលើ​ពិភពលោក។

ទួល​ដែល​ជា​ទ្រនំ និង​ជាទីជម្រក​ដែល​សំបូរ​ប្រភព​ចំណី​នៅ​រដូវវស្សា​នេះ បាននឹង​កំពុងទ្រទ្រង់​ សត្វ​ត្រយ៉ងចង្កំ ក ស ដល់​ទៅជាង ៤០% នៃ​ចំនួន​សរុប​មាននៅក្នុង​ពិភពលោក។ វាស្ថិត​នៅ​ក្រៅ​តំបន់ ការពារ ក្នុង​ទីតាំង​ព្រៃ​រិចរិល​ដែល​មាន​ដើមឈើ​ងាប់​ជាច្រើន​ជាប់ជាមួយ​វាលស្រែ​បោះបង់​ចោល និងជា​វាលស្មៅ​សើម ចម្ងាយ​ប្រហែល ៦គីឡូម៉ែត្រ​ខាងត្បូង ដែន​ជម្រក​សត្វព្រៃ សៀម​ប៉ាង​ខាងលិច។

ក្នុងខែ​កក្កដា​នេះ ត្រយ៉ង​ចង្កំ ក ស ចំនួន ២៥៣​ក្បាល ក្នុង​ចំណោម ៣១២ក្បាល​នៃដែន​ជម្រក​សៀមប៉ាង កំពុងប្រើប្រាស់​ទ្រនំ​ទួល​បុស្សភ្ញៀវ។ ក្រៅពី​សត្វ​ជិតផុតពូជ​នេះ ទួល​បុស្សភ្ញៀវ​ក៏កំពុង​ទ្រទ្រង់ដល់​ប្រភេទសត្វ​រងការ​គំរាមកំហែង​ជាសកល​ផ្សេងទៀត​ដូចជា ត្រយ៉ង​យក្ស ត្រដក់តូច និង​កុកពាក់​អំបោះ​ជាដើម។

បច្ចុប្បន្ន តំបន់នេះ​កំពុងរង​ការគំរាម​កំហែងតាម​រយៈ​ការ​បរបាញ់ ការ​ទន្ទ្រាន​ដី និងការរំខាន​ពីមនុស្ស​អាស្រ័យ​ដោយទីតាំង​ស្ថិតនៅ​ក្រៅ​តំបន់​ការពារ។

ដោយសារតែ​ភាពពិសេស​គ្មានពីរ​នៃទីតាំង​នេះ អង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា​ បាន​សំណូមពរ​ដល់​សហគមន៍​មូលដ្ឋាន អជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ រដ្ឋបាល​ខេត្តស្ទឹងត្រែង និង​ក្រសួង​បរិស្ថាន ជួយ​គាំទ្រ​ដល់សំណើ​ក្នុងការ​រៀបចំ​តំបន់​ដ៏តូចនេះ ជាតំបន់​ការពារ​ថា្នក់ខេត្ត និងចូលរួម​ការពារ​ទីជម្រក​នេះកុំឲ្យ​បាត់បង់៕

អត្ថបទ និងរូបថត៖ អង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា

អត្ថបទថ្មី
;