អគារសម្ភពនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោមជំនួយសាធារណរដ្ឋឆែក ត្រូវបានបើកសម្ពោធផ្លូវការ
- 2019-08-01 10:09:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារសម្ភពនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោមជំនួយសាធារណរដ្ឋឆែក ត្រូវបានបើកសម្ពោធផ្លូវការ
ចន្លោះមិនឃើញ
នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ អគារសម្ភពមួយក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវបានជួសជុលឡើងវិញក្រោមជំនួយហិរញ្ញវត្ថុដែលបានផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA) ត្រូវបានប្រគល់ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ពិធីសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក វ្លាស់ទីមីល តេសារ ជាភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឆែកនៅភ្នំពេញ។
ការជួសជុលស្ថាបនាអគារសម្ភពត្រូវបានសម្របសម្រួលនៅក្នុងកម្មវិធីអភិវឌ្ឍន៍ទ្វេភាគីផ្លូវការនៃសាធារណរដ្ឋឆែក ជាមួយព្រះរាជាណាចក្រកម្ពុជា ២០១៨-២០២៣។
ការជួសជុលស្ថាបនាអគារសម្ភព (ទំហំ៣៨x២៣ មែត្រ មានចំនួន១៧ បន្ទប់) ជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការគឺគម្រោង «ការធ្វើឲ្យប្រសើរនូវគុណភាពសេវាថែទាំសុខភាពមាតា និងទារកនៅមន្ទីរពេទ្យគោលដៅចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង» ដែលគាំទ្រជាថវិកាដោយសាធារណរដ្ឋឆែក អនុវត្តគម្រោងដោយអង្គការមិនមែនរដ្ឋាភិបាល គឺអង្គការការីតាសសាធារណរដ្ឋឆែក និងអង្គការការីតាសកម្ពុជា។
គម្រោងនេះមានគោលបំណងចូលរួមចំណែកកាត់បន្ថយការសម្រាលកូនដែលអាចការពារបានកុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពមាតាដោយលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារកដែលទើបនឹងកើតនៅខេត្តកំពង់ឆ្នាំង ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការថែទាំទារកទើបនឹងកើត។ គម្រោងនេះផ្តោតលើមន្ទីរពេទ្យខេត្តចំនួនមួយ (CPA3) និងមន្ទីរពេទ្យបង្អែកចំនួនពីរ (CPA1) ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង។
គម្រោងនេះនឹងសម្រេចបានតាមរយៈការធ្វើឲ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងនៅតាមមន្ទីរពេទ្យនីមួយៗ ការកើនឡើងនូវស្តង់ដារសម្ភារពេទ្យ (ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារ៖ដល់ផ្នែកសម្ភព មុននិងក្រោយសម្រាលកូន) និងការពង្រឹងសមត្ថភាពបុគ្គលិកក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ និងអនាម័យ។
នេះជាគម្រោងទី៨ របស់សាធារណរដ្ឋឆែកដែលបានផ្តល់ថវិកាលើវិស័យសុខាភិបាល តាំងពីឆ្នាំ២០១០ ដែលផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្រ្តសម្រាប់អ្នកម្តាយ និងកុមារ។ រហូតមកដល់ពេលនេះ សាធារណរដ្ឋឆែកបានចំណាយថវិកា២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសកម្ពុជា ក្នុងការផ្តល់សេវាថែទាំសុខភាពឲ្យកាន់តែប្រសើរឡើងសម្រាប់អ្នកម្តាយ និងកុមារ។
អគារសម្ភពក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នឹងបម្រើដោយផ្ទាល់ដល់ស្ត្រីជាង មួយម៉ឺននាក់ដែលស្ថិតក្នុងវ័យបន្តពូជ រស់នៅក្នុងតំបន់ដែលគ្របដណ្តប់ដោយមន្ទីរពេទ្យ។ ទោះយ៉ាងណាស្ត្រីជាងបួនម៉ឺនប្រាំបីពាន់នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឲ្យប្រសើរឡើងនូវការថែទាំសុខភាពនៅតាមមន្ទីរពេទ្យទាំងបីក្នុងខេត្ត។
គិតចាប់តាំងពីឆ្នាំ ២០១០ ប្រទេសកម្ពុជាគឺជាប្រទេសអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆែក។ ជាលទ្ធផលនៃការពិគ្រោះយោបល់ទ្វេភាគីឆែក-កម្ពុជា នៅឆ្នាំ២០១៨ រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា ផ្តល់មូលនិធិដល់គម្រោងនានាក្នុងវិស័យសុខាភិបាលដោយផ្តោតលើខេត្តកំពង់ឆ្នាំង។
អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញរវាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ បានបង្កើតក្របខណ្ឌ និងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ រហូតដល់ឆ្នាំ២០២៣។
រហូតមកដល់ពេលនេះ តម្លៃសរុបនៃជំនួយអភិវឌ្ឍន៍ផ្លូវការដែលផ្តល់ដោយសាធារណរដ្ឋឆែក ក្នុងវិស័យសុខាភិបាលនៅកម្ពុជា នឹងឈានដល់ ៣,២ លានដុល្លារសហរដ្ឋអាមេរិក៕