លោក ស៊ុន ចាន់ថុល បើកវគ្គបង្រៀនបន្ថែមដល់មន្ត្រីជួសជុលផ្លូវថ្នល់
- 2019-08-02 03:06:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ុន ចាន់ថុល បើកវគ្គបង្រៀនបន្ថែមដល់មន្ត្រីជួសជុលផ្លូវថ្នល់
ចន្លោះមិនឃើញ
ក្រសួងសាធារណៈការ និងដឹងជញ្ជូន បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសជួសជុលផ្លូវថ្នល់តាមវិធីសាស្ត្រ Cold in Place Recycling ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
លោក ស៊ុន ចាន់ថុល បានបង្ហាញថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាអាទិភាពទី១ ក្នុងវិស័យអាទិភាពទាំងបួននៃគោលនយោបាយចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ព្រោះថាមន្ត្រីមានសមត្ថភាពគ្រប់គ្រាន់ ស្ថាប័ននោះនឹងមានការរីកចម្រើន ហើយប្រទេសជាតិក៏មានការរីកចម្រើនតាមនោះដែរ ជាពិសេស សមត្ថភាព និងទេពកោសល្យ លើការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាព មាំ និងជាប់បានយូរអង្វែង។
លោកក៏បានសង្កត់ធ្ងន់ថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណាដែលត្រូវបានសាងសង់ និងជួសជុល មានគុណភាព និងជាប់បានយូរប៉ុណ្ណោះ។
ក្រសួងនឹងរិះរកគ្រប់មធ្យោបាយ និងនីតិវិធីដើម្បីលើកកម្ពស់គុណភាពនៃការសាងសង់ និងជួសជុលផ្លូវ តាមរយៈការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សានៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនលើសកលោក។
ក្នុងកម្មវិធីនេះដែរ លោក ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងចូលរួមជាមតិយោបល់ ក៏ដូចជាលើកជាសំណួរសួរដេញដោលឱ្យបានផុលផុស សំដៅក្រេបយកចំណេះដឹងថ្មីឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះថាចំណេះដឹងទាំងនេះនឹងបម្រើដល់ការសាងសង់ និងជួសជុលផ្លូវថ្នល់យើងឱ្យបានមាំ និងប្រើប្រាស់បានយូរអង្វែង។ ធ្វើផ្លូវបានមាំ និងជាប់បានយូរអង្វែង គឺជាការសន្សំសំចៃការចំណាយថវិកាជាតិបានយ៉ាងច្រើនបំផុត៕
អត្ថបទ និងរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន