លោក ប្រាក់ សុខុន នឹង​ទៅ​ចូលរួម​សម្ពោធ​អគារ​ថ្មី​របស់​លេខាធិការដ្ឋាន​អាស៊ាន

  • 2019-08-05 07:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាម​ការអញ្ជើញ​របស់​លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តី​ការបរទេសនៃ​សាធារណរដ្ឋឥណ្ឌូណេស៊ី លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស និងអ្នកតំណាង​ផ្សេងទៀត​របស់​ប្រទេស​សមាជិក​អាស៊ាន ក្នុងពិធី​សម្ពោធ​ជាផ្លូវការ​នូវអគារថ្មី​របស់​លេខាធិការដ្ឋាន​អាស៊ាន។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩​។

ក្រសួង​ការបរទេស​បានបន្ត​ថា ពិធី​សម្ពោធ​នេះ ប្រព្រឹត្ត​ទៅ​ចំខួប​លើកទី៥២ឆ្នាំ​នៃការបង្កើត​អាស៊ាន។ លើសពី​នេះ ក៏នឹង​មានរៀបចំ​ការ​ដំឡើង​ប្រអប់​ពេលវេលា ដើម្បី​រក្សាទុក​នូវសារ​លិខិត​របស់​បណ្តា​ថ្នាក់​ដឹកនាំ​អាស៊ាន ដែលរៀបរាប់​ពីក្តីសង្ឃឹម និងការ​រំពឹងទុក​មកលើ​អាស៊ាន នៅចំ​ពេលខួប​លើកទី៧៥ឆ្នាំ​នៃការ​បង្កើត​អាស៊ាន នៅឆ្នាំ​២០៤២ ខាងមុខ​ផងដែរ។

ការសម្ពោធ​អគារ​លេខាធិការដ្ឋាន​អាស៊ាន​ថ្មីនេះ បង្ហាញ​ឲ្យឃើញ​នូវ​តួនាទី​កាន់តែ​កើនឡើង​របស់​លេខាធិការដ្ឋាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែលកំពុង​វិវត្ត​ក្នុង​សកលលោក និងក្នុង​តំបន់ ក៏ដូចជា​ក្នុងការ​កសាង​សហគមន៍​អាស៊ាន ដែលមាន​សសរស្តម្ភបីគឺ៖ សហគមន៍​នយោបាយ-សន្តិសុខ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម-វប្បធម៌៕

អត្ថបទ៖ សោភា

;