កម្ពុជា នឹងរៀបចំសមយុទ្ធលើផ្នែកសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ជាមួយប្រទេសជិតខាង
- 2019-08-06 02:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងរៀបចំសមយុទ្ធលើផ្នែកសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ជាមួយប្រទេសជិតខាង
ចន្លោះមិនឃើញ
ក្រសួងការពារជាតិនឹងរៀបចំសមយុទ្ធ ដោយទ្រង់ទ្រាយធំលើផ្នែកសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិជាមួយប្រទេសជិតខាងនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នកងកម្លាំងគ្រប់អង្គភាពទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសង្គ្រោះពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ AKP។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលការ ត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅសាលប្រជុំថ្មីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា កងឯកភាពនានា ដែលពាក់ព័ន្ធ នឹងការជួយសង្គ្រោះគ្រោះមហន្តរាយ ដូចជាកងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ បញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងគោក សុទ្ធតែបានប្រុងប្រៀបហ្វឹកហាត់ និងត្រៀមលក្ខណៈសព្វបែបយ៉ាង មានសម្ភារសម្រាប់ហ្វឹកហ្វឺន និងជួយសង្គ្រោះគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ។
«កងកម្លាំងនៃកងកម្លាំងក្រសួងការ ពារជាតិយើងមិនត្រឹមតែសង្គ្រោះក្នុងប្រទេស យើងទេក៏បានត្រៀមសហការគ្នាជាមួយប្រទេសភូមិផងរបងជាមួយ មានដូចជា ប្រទេសវៀតណាម-ឡាវ-ថៃ ពិសេសចុងឆ្នាំនេះ យើងត្រៀមរៀបចំសមយុទ្ធសង្គ្រោះគ្រោះ មហន្តរាយមួយនៅតំបន់ព្រំដែនខេត្តស្វាយរៀង មានលក្ខណៈទ្រង់ទ្រាយធំមិនធ្លាប់ដែលមានក្នុងរយៈពេលកន្លងមកទេ»។ នេជាការបញ្ជាក់បន្ថែមរបស់លោក ម៉ឹង សំផន។
ជាមួយគ្នានោះដែរលោកក៏បានជំរុញដល់ថ្នាក់ដឹកនាំតាមអង្គភាពនានា ទាំងអស់ត្រូវបង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា ខណៈសព្វថ្ងៃតំបន់ខ្លះ ជួបនឹងគ្រោះរីងស្ងួត និងតំបន់ខ្លះជួបនឹងបញ្ហាជំនន់ទឹកភ្លៀង និងកន្លែងខ្លះទៀតជួបប្រទះនឹងបញ្ហាខ្យល់កន្ត្រាក់ជាដើមនោះ៕