៧ សីហា ១៩៨៧៖ Lynne cox ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ហែលទឹក​សមុទ្រ​ពី​អាមេរិក ទៅ​សូវៀត

  • 2019-08-07 04:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី៧ ខែ​សីហា ឆ្នាំ​១៩៨៧ អ្នកស្រី Lynne Cox បាន​ក្លាយ​ជាមនុស្ស​ទីមួយ​ដែល​ហែល​ទឹក​សមុទ្រ​ដ៏ត្រជាក់​ពី​សហរដ្ឋអាមេរិក ទៅ​អតីត​សហភាព​សូវៀត (បច្ចុប្បន្ន​រុស្ស៊ី) ខណៈ​ប្រទេស​ទាំង២ កំពុង​ប្រឈម​មុខគ្នា​នៅដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ត្រជាក់។

រូបថត៖ វិបសាយ Swimmingworld Magazine
អ្នកស្រី​បាន​ហែល​ចេញពី​កោះ Little Diomede ក្នុង​រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក​ ទៅកាន់​កោះ Big Diomede នៃ​សហភាពសូវៀត ដោយ​ចំណាយ​ពេល ២ម៉ោង ៥នាទី។ កោះ​ទាំង២​នេះ ស្ថិតក្នុង​ច្រកសមុទ្រ Bering ដែល​នៅ​ចម្ងាយ​ពីគ្នាត្រឹមតែ ៤,៣គីឡូម៉ែត្រ។

អ្នកស្រី Lynne Cox ដែល​បច្ចុប្បន្ន​វ័យ ៦២ឆ្នាំ បាន​រំលឹកកាលពី​ឆ្នាំ២០១២ អំ​ពីការហែលទឹក​ឆ្លង​ព្រំដែន​សមុទ្រនេះ​ថា​ជា​សកម្មភាព​បន្ថយ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំង២។ «ខ្ញុំ​ចង់​បើក​ព្រំដែន​ ដូច្នេះ​យើង​អាចក្លាយ​ជាមិត្ត»។ ភាព​លំបាក​ដូច្នេះ គ្មាន​នរណាម្នាក់​អាច​ជឿថា វានឹង​កើតឡើង​ឡើយ»។

រូបថត៖ វិបសាយ Prhspeakers

គួរដឹងដែរ​ថា អ្នកស្រី​មានគំនិត​បែបនេះ តាំងពីឆ្នាំ​១៩៧៦មកម្ល៉េះ ប៉ុន្តែត្រូវ​ចំណាយ​ពេលដល់ទៅ​១១ឆ្នាំ ទើប​ទទួលបាន​ការអនុញ្ញាតពី​ខាង​សូវៀត។

ក្រៅពីច្រក​សមុទ្រ Bering ស្រ្តី​ជនជាតិអាមេរិក​រូបនេះ កាល​ពីឆ្នាំ​១៩៧១ (អាយុ១៤ឆ្នាំ) បាន​ហែល​ឆ្លងកាត់​សមុទ្រ Catalina Channel ហើយ​អាយុ ១៥ និង ១៦ឆ្នាំ​ បាន​បំបែក​កំណត់​ត្រា​ជាបន្ត​បន្ទាប់ ឆ្លងកាត់​សមុទ្រ​ពីបារាំង​ទៅ​អង់គ្លេស (English Channel)។ ក្នុងឆ្នាំ​១៩៧៥ Lynne Cox ក៏ជាស្រ្តី​ទី១ ដែល​ហែល​ឆ្លងកាត់​ច្រក​សមុទ្រ Cook ក្នុង​ប្រទេសណូវែហ្សេឡង់ និង​ឆ្នាំបន្ទាប់​ បាន​ក្លាយ​ជាមនុស្សទី១ ហែល​ឆ្លងកាត់​ច្រក​សមុទ្រ Magellan ផងដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;