៩ សីហា ១៩៤៥៖ អាមេរិក ទម្លាក់គ្រាប់បែកបរិមាណូលើកទី២ ធ្វើឱ្យជប៉ុនបង្ខំចិត្តចុះចាញ់សង្គ្រាម
- 2019-08-09 06:30:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ សីហា ១៩៤៥៖ អាមេរិក ទម្លាក់គ្រាប់បែកបរិមាណូលើកទី២ ធ្វើឱ្យជប៉ុនបង្ខំចិត្តចុះចាញ់សង្គ្រាម
ចន្លោះមិនឃើញ
កាលពី៧៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី៩សីហា ១៩៤៥ យន្តហោះអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ ឈ្មោះ "Fat Man" ទៅលើក្រុងណាហ្គាសាគី ប្រទេសជប៉ុន បណ្តាលឱ្យមនុស្សប្រមាណពី ៦ម៉ឺន ទៅ ៨ម៉ឺននាក់បានបាត់បង់ជីវិត។ នេះជាការទម្លាក់គ្រាប់បែកបរិមាណូលើកទី២ បន្ទាប់ពីលើកទី១ យន្តហោះអាមេរិក បានទម្លាក់គ្រាប់បែកឈ្មោះ "Little Boy" លើក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦សីហា ១៩៤៥ បណ្តាលឱ្យមនុស្សប្រមាណ ១៤ម៉ឺននាក់បាត់បង់ជីវិត។
គួររំលឹកថា តាមសេចក្តីប្រកាសផតស្តាម (Potsdam Declaration) ចុះថ្ងៃទី២៦កក្កដា ១៩៤៥ អង់គ្លេស ចិន និងអាមេរិក បានទាមទារឱ្យកងទ័ពជប៉ុន ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ពោលគឺឱ្យកងទ័ពជប៉ុន បោះបង់អាវុធទាំងស្រុង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ រស់នៅដោយភាពសុខសាន្ត។ ប៉ុន្តែជប៉ុន មិនយល់ព្រមឡើយ ជាហេតុធ្វើឱ្យអាមេរិក ត្រូវបង្ខំចិត្តប្រើធម៌ក្តៅ ដោយមានការទម្លាក់គ្រាប់បែកបរិមាណូ ដល់ទៅ២ដងបែបនេះ ហើយក៏នឹងអាចមានការទម្លាក់គ្រាប់បែកបន្ថែមទៀតផងដែរ ប្រសិនបើជប៉ុន នៅតែចចែសមិនព្រមចុះចាញ់សង្គ្រាមទេនោះ។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជប៉ុន បានចុះកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាមជាផ្លូវការ ដែលធ្វើឱ្យពិភពលោកទាំងមូល បានបញ្ចប់សង្គ្រាមលោកលើកទី២ទាំងស្រុង ចាប់ពីពេលនោះមក៕