ក្រុមហ៊ុន​ចិន ចង់​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និងលូ​ទឹក​កខ្វក់​នៅក្រុង​ព្រះសីហនុ

  • 2019-08-12 07:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ​នាព្រឹកថ្ងៃទី​១២ ខែសីហា ​ឆ្នាំ​២០១៩ លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន Yunnan ចិន មាន​ប្រសាសន៍​ថា ក្រុមហ៊ុនមាន​គោលបំណង​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និងលូទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ ស្របពេលដែល​ខេត្តព្រះសីហនុ កំពុងមាន​ការ​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​នាពេល​បច្ចុប្បន្ន ទាមទារ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន ពិសេស​ប្រពន្ធ័លូទឹកភ្លៀង និង​លូទឹក​កខ្វក់ ដើម្បីលើក​កម្ពស់​សោភ័ណភាព បរិស្ថាន​ទីក្រុង​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍។

លោក Lu Guo Bing បញ្ជាក់​ថា ក្រុមហ៊ុន​លោក​បានមក​សិក្សាខ្លះៗ​នូវប្រព័ន្ធ​លូ​ទាំងពីរ​ប្រភេទ​នេះ នៅក្រុង​ព្រះសីហនុ តាំងពីឆ្នាំ​២០១៣ ក៏ប៉ុន្តែ​មិនទាន់​បាន​លម្អិត និង​ស៊ីជម្រៅ​នោឡើយ។ ប្រសិន​បើ​រដ្ឋបាល​ខេត្ត​អនុញ្ញាត ក្រុមហ៊ុន​លោក​នឹង​សិក្សាប្លង់​លម្អិត ដើម្បី​ដាក់​ជូន​រដ្ឋបាល​ខេត្ត ធ្វើការ​ពិនិត្យ ។

ជាការ​ឆ្លើយតប លោក គួច ចំរើន បាន​ស្វាគមន៍​គម្រោង​វិនិយោគ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និងទឹក​កខ្វក់​ក្នុងក្រុង​ព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុន​ត្រូវមាន​ផែនការ គម្រោង​ប្លង់​គោល ថា​តើមាន​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ លូទឹក​កខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ ទំហំ​លូ មុខកាត់​ប៉ុន្មាន​ម៉ែត្រ ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ ហើយការ​សាងសង់​រយៈពេល​ប៉ុន្មានខែ ឆ្នាំ និង​តម្លៃ ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ត​យកដាក់ជូន​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ វាយតម្លៃ អនុម័ត ។

ទន្ទឹមនឹង​នេះ លោក​អភិបាល​ខេត្ត ក៏បាន​ស្នើ​ឱ្យក្រុមហ៊ុន​ សិក្សាឱ្យបាន​ចប់មុនថ្ងៃ២៧ ខែ​សីហា ឆ្នាំ២០១៩ ដើម្បីយកទៅដាក់​ជូនក្រសួងសេដ្ឋកិច្ច សិក្សា​វាយតម្លៃ​ថា តើគម្រោង​នេះអាចទទួលយក​បាន ឬមិនបាន​តាមលក្ខណៈ​ជាក់ស្តែង ដើម្បីកែលម្អ​សោភ័ណភាព​បរិស្ថាន​ក្រុង​ទេសចរណ៍​នាទិស​និរតី​មួយនេះ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្ត​ព្រះសីហនុ

អត្ថបទថ្មី
;