ធ្លាប់ចំអកឲ្យ Apple រឿងដករន្ធកាស ប៉ុន្តែក្រុមហ៊ុន ៣ នេះបែរជាជាន់កែងខ្លួនឯង
- 2019-08-13 07:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ចំអកឲ្យ Apple រឿងដករន្ធកាស ប៉ុន្តែក្រុមហ៊ុន ៣ នេះបែរជាជាន់កែងខ្លួនឯង
ចន្លោះមិនឃើញ
ចាប់តាំងពីបានសម្រេចចិត្តដករន្ធកាស 3.5 mm ជាលើកដំបូងពីលើ iPhone 7/7 Plus ក្រុមហ៊ុន Apple ទទួលបានការចំអកឡកឡឺយមិនតិចដងនោះទេ ពីសំណាក់ក្រុមហ៊ុនស្មាតហ្វូនដែលជាគូប្រជែង។ ប៉ុន្តែមានក្រុមហ៊ុន ៣ ហាក់បានជាន់កែងខ្លួនឯង លើការសើចចំអកនេះ។
១. Samsung
នៅដើមខែសីហា ក្នុងកម្មវិធីប្រកាសចេញ Note 7 ថ្នាក់ដឹកនាំ Samsung បានបង្ហើបសំដីបែបចំអកទៅកាន់ Apple លើការសម្រេចមិនបញ្ចូលរន្ធកាស 3.5 mm លើ iPhone ជំនាន់ថ្មី។
ប៉ុន្តែនៅលើ Galaxy Note 10 និង Note 10+ ដែលទើបប្រកាសចេញថ្មីៗនេះ បែរជាលែងមានរន្ធកាស 3.5 mm តម្រូវឲ្យប្រើរន្ធ USB Type-C ជារន្ធតែមួយសម្រាប់ការសាកថ្ម និងដោតកាស។ តាមពិតទៅ Samsung បានដករន្ធកាស 3.5 mm ពីលើស្មាតហ្វូនរបស់ខ្លួន តាំងពីម៉ូដែល Galaxy A8s ដែលប្រកាសចេញនាខែធ្នូ ឆ្នាំ ២០១៨។ ប៉ុន្តែពេលនោះគេមិនចាត់ទុកថាជារឿងធំដុំប៉ុន្មានទេ ដោយសារតែវាមិនមែនជាប្រភេទស្មាតហ្វូន Flagship ត្រឹមតែស្មាតហ្វូនលំដាប់មធ្យមមួយ។
២. Google
Google ក៏ធ្លាប់បានចំអក Apple រឿងដករន្ធកាស 3.5 mm នេះដែរនៅឆ្នាំ ២០១៦ ក្នុងវីដេអូផ្សព្វផ្សាយអំពី Google Pixel ជំនាន់ដំបូង។ចុងក្រោយ Google បានសម្រេចចិត្តដករន្ធកាសនេះ ពេលប្រកាសចេញ Google Pixel 2 និង Pixel 2 XL នៅឆ្នាំ ២០១៧៕
៣. OnePlus
អំឡុងពេលការប្រកាសចេញ OnePlus 5 នៅខែមិថុនាឆ្នាំ ២០១៧ ក្រុមហ៊ុន OnePlus បានឆ្លៀតឌឺដង Apple រឿងដករន្ធកាសពី iPhone ដោយពេលនោះ លោក Diego Heinz អ្នកឌីហ្សាញប្រចាំក្រុមហ៊ុន OnePlus លើកឡើងថា ៖ "នៅផ្នែកខាងក្រោម អ្នកនឹងឃើញថាយើងបានដករន្ធកាស 3.5mm ចេញ ដោយជួយបង្កើនភាពឡូយឆាយនៃរូបរាងរបស់ OnePlus 5។ ហើយនរណាដែលត្រូវការរន្ធដោតកាស 3.5mm ទៀតនោះ? នេះជាមូលហេតុដែលមាន Bluetooth ត្រូវទេ?”។ បន្ទាប់មកអ្នកឌីហ្សាញរូបនេះបន្ថែមថា ៖ "ខ្ញុំគ្រាន់តែកំប្លែងលេងទេ។ ពិតណាស់ OnePlus 5 គឺមានរន្ធដោតកាស 3.5mm”។
ប៉ុន្តែអ្នកគាំទ្រភ្ញាក់ផ្អើល ពេលបានឮដំណឹងផ្លូវការចេញពីសហស្ថាបនិក OnePlus លោក Carl Pei ថា OnePlus 6T មិនមានរន្ធដោតកាស 3.5 mm នោះទេ៕
ចុចអាន៖