មកដឹង​ពី​ជំនឿ និង​ត្រណម​​មួយ​ចំនួន ​ក្នុង​ថ្ងៃ​សែន​ក្បាល​ទឹក

  • 2019-08-15 02:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សែន​ក្បាល​ទឹក​ ជា​ពិធី​ប្រពៃណី​ចិន​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសលជូន​​​អ្នក​ដែល​បាន​ស្លាប់។ ប្រជាជន​ចិន​ និង​អ្នក​កាត់​សែស្រឡាយ​ចិន​នៅ​តាម​ប្រទេស​នានា បូក​រួម​ទាំង​កម្ពុជា​ផង បាន​ប្រារព្ធ​ពិធី​នេះ​មិន​ដែល​ខាន​រៀង​រាល់​ឆ្នាំ។ តាម​ជំនឿ​របស់​ចិន ​​គេ​ជឿ​ថា​មាន​ខែ​នៃ​​ព្រលឹង​ខ្មោច​ ដែល​គេ​ដោះ​លែង​មក​ពី​ឋាននរក​ និង​ឋាន​សួគ៌​​ ឲ្យ​ចុះ​មក​ស្វែងរក​អាហារ និង​​ជួប​ជុំ​សាច់​ញាតិ​បងប្អូន។

ជំនឿ​មួយ​ចំនួន​ក្នុង​ពិធីបុណ្យ   ​ នៅ​ក្នុង​ថ្ងៃ​សែន​ គេ​​នឹង​ឃើញ​មានសកម្មភាព​មួយ​ចំនួន​ដែល​ជា​ជំនឿ​ ដូច​ជា​ការ​ដុត​ក្រដាស ការ​អុជ​ធូប​ទៀន ការ​ដាក់​អាហារ​នៅ​តាម​កន្លៀត​ផ្លូវ​ក្បែរ​ផ្ទះ។​ ​គេ​ជឿ​ថាការ​ដុត​​ក្រដាស​លុយ​ខ្មោច ទំនិញ​​​មួយ​ចំនួន​​ ដូច​​ជា​ឡាន ទូរសព្ទ សំលៀកបំពាក់ និង​ផ្ទះ​​​ធ្វើ​​​ពី​ក្រដាស គឺ​អាច​​បញ្ជូន​របស់​ទាំង​នោះ​ទៅ​ព្រលឹង​​បុព្វបុរស​ ញាតិសន្ដាន​​បាន​ប្រើប្រាស់។​ ចំណែក​ឯ​ការ​អុជ​​ទៀន ​​និង​គោម​ គឺ​ដើម្បី​បំភ្លឺ​ផ្លូវ​ឲ្យ​​ព្រលឹង​ខ្មោច​អាច​រក​ផ្លូវ​ទៅ​កាន់​ទីកន្លែង​ដើម​របស់​​ពួក​គេ​វិញ។ ដោយ​ឡែក​សំណែន​​ ផ្លែ​ឈើ សាច់ និង​នំ​ គឺ​តំណាង​ឲ្យ​​ការ​ផ្ដល់​អាហារ​ជូន​ព្រលឹង​ខ្មោច​​​​ជា​ញាតិកា ហើយ​​ក៏​ដើម្បី​​ឲ្យ​​ព្រលឹង​ខ្មោច​​ផ្សេង​ទៀត​​ពុំ​មាន​ការ​ខឹង​សម្បារ​ដោយ​ការ​ស្រេក​ឃ្លាន។ ​​​ ​   នៅ​​ក្នុង​ជំនឿ​សាសនា​ គេ​ជឿ​ថា​មាន​ទីឋាន​ផ្សេង​សម្រាប់​​ព្រលឹង​ខ្មោច​រស់​នៅ តែ​ក៏​មាន​ព្រលឹង​ខ្មោច​មួយ​ចំនួន​ដែល​នៅ​តែលតោល អនាថា ដោយ​សារ​​មិន​មាន​គេ​​ធ្វើ​បុណ្យ​​ឲ្យ​តាម​ប្រពៃណី​ត្រឹម​ត្រូវ។ ការ​សែន​ក្បាល​ទឹក ក៏​ជា​​ការ​ជួយ​ដល់​ព្រលឹង​ខ្មោច​ទាំង​នោះ​ផង​ដែរ។​​​​​​​

ប្រវត្តិ​​​ទាក់​ទង​មួយ​ចំនួន​  

មាន​​ការ​លើក​ឡើង​ច្រើន​ពី​ប្រវត្តិ​​ពិធី​បុណ្យ​នោះ​ ប៉ុន្តែ​​មាន​ការ​លើក​ឡើង​មួយ​​ចំនួន​ថា​រយៈ​កាល​​ជាង​២​ពាន់​ឆ្នាំ​មុន នៅ​ក្នុង​សាសនា​តាវ​ ឬ​លទ្ធិ​តាវ ពិធី​បុណ្យ​នេះ​​​​ធ្វើ​ឡើង​​ក្នុង​ពិធី​ចម្រើន​ព្រះ​ជន្ម​​​ អាទិទេព Qingxu ដែល​ជា​អ្នក​កាត់​ទោស​មនុស្ស​សាង​បាបកម្ម។ នៅ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ អាទិទេព​ដោះ​លែង​ព្រលឹង​ខ្មោច​​ដែល​រង​កម្ម​​ឲ្យ​មាន​សេរីភាព ក្នុង​​ខែ​នៃ​ខ្មោច​បិសាច។​​​​​​​​​​

ត្រណម​​ក្នុង​ពិធី​បុណ្យ

គេ​មាន​ត្រណម​​ថា​ សកម្មភាព​មួយ​ចំនួន​គួរ​ជៀស​វាង​អំឡុង​ពេល​នៃ​ថ្ងៃ​បុណ្យ​​ ជា​ពិសេស​នៅ​ពេល​យប់ ដែល​អាច​នាំ​សំណាង​មិន​ល្អ​៖

-មិន​ឲ្យ​​ហាល​សំលៀក​បំពាក់​ខាង​ក្រៅ ព្រោះ​ថា​អាច​នឹង​មាន​ព្រលឹង​ខ្មោច​បិសាច​ មក​ស្លៀក​​សំលៀក​បំពាក់​នោះ ដែល​នាំ​ឲ្យ​មាន​សំណាង​មិន​ល្អ។

-មិន​ឲ្យ​​ហែល​ទឹក​ ព្រោះ​ថា​អាច​មាន​ព្រលឹង​ខ្មោច​​ទឹក​ទាញ​​យក​ទៅ។

-មិន​ឲ្យ​បត់​ជើង​តូច​ដាក់​ដើម​ឈើ ដែល​ធ្វើ​ឲ្យ​ព្រលឹង​​​រស់​នៅ​ទី​នោះ​ខឹង​ និង​​នាំ​សំណាង​មិន​ល្អ​មក ហើយ​មិន​ត្រូវ​ដើរ​លេង​នៅ​ជិត​ដើម​ឈើ​ពេល​យប់​នោះ​ទេ។

-មិន​ឲ្យ​ថត​រូប​ពេល​យប់​​ព្រោះ​អាច​​ថត​ជាប់​ព្រលឹង​​ខ្មោច​ព្រាយ​បិសាច​បាន។

-ហាម​មិន​ឲ្យ​រៀប​ការ​នៅ​ក្នុង​ខែ​នៃ​ពិធី​បុណ្យ ដែល​អាច​ឲ្យ​មាន​ទុក្ខ​សោក​នៅ​ថ្ងៃ​ក្រោយ។

-មិន​ឲ្យ​និយាយ​អំពី​រឿង​ខ្មោច​នៅ​​ក្នុង​ខែ​នៃ​ពិធីបុណ្យ​ដែល​អាច​បង្ក​ជា​សំណាង​អាក្រក់៕

ប្រភព៖ South China Morning Post ប្រែសម្រួល៖ មាន រតនា

អត្ថបទថ្មី
;