រឿងរ៉ាវគណៈកម្មការ X Factor ម្នាក់ ដែលបានសម្លាប់អាជីពខ្លួនពេលផ្សាយផ្ទាល់ (វីដេអូ)

  • 2019-08-16 03:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​ប្រកួត​ប្រជែង​ដូច​ជា​ The Voice និង American Idol ជា​ដើម​នោះ តែង​មាន​ឈុត​ឆាក​ល្បីៗ​ជា​ច្រើន​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​អ្នក​ទស្សនា។ ប៉ុន្តែ​វា​មិន​អាច​​យក​ឈ្នះ​វគ្គ​មួយ​នៃ​កម្មវិធី X Factor ប្រទេស​នូវែលហ្សេឡង់ ​ពេល​ដែល​គណៈកម្មការ​ម្នាក់​បាន​​​សម្លាប់​អាជីព​របស់​ខ្លួន ខណៈ​ពេល​កំពុង​ផ្សាយ​ផ្ទាល់ ហើយ​បាន​អូស​ស្វាមី​ឲ្យ​ដុនដាប​ជា​មួយ​ផង​ដែរ។

Kills និងស្វាមី
គណៈកម្មការ​រូប​នេះ ត្រូវ​​ដឹង​ថា​មាន​​ឈ្មោះ Natalia Kills ជា​អ្នក​​ចម្រៀង និង​អ្នក​និពន្ធ​ចម្រៀង ប៉ុន្តែ​ក្រោយ​កើត​ហេតុ​នាង​បាន​ប្ដូរ​ឈ្មោះ​ជា​ Teddy Sinclair វិញ។ Kills គឺ​ជា​តារា​ជោគជ័យ​ម្នាក់​ក្នុង​​វិស័យ​សិល្បៈ ដែល​ធ្លាប់​មាន​បទ​ចម្រៀង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ កាល​ពី​ឆ្នាំ ២០០៨ និង​ធ្លាប់​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ចំនួន​ពីរ។

នៅ​ឆ្នាំ ២០១៤ នាង​បាន​រៀប​ការ​ជា​មួយ​តារា​ចម្រៀង​សញ្ជាតិ​នូវែលហ្សេឡង់​ឈ្មោះ Willy Moon ដែល​​រូប​គេ​ត្រូវ​បាន​មហាជន​ស្គាល់​កាល​ពី​ឆ្នាំ ២០១២ នៅ​ពេល​ដែល​បទ​ចម្រៀង "Yeah Yeah” របស់​ខ្លួន ត្រូវ​បាន​ Apple យក​ប្រើ​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​របស់ iPod។​

​​ឆាក​ជីវិត​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ ដើរ​ទៅ​មុខ​យ៉ាង​រលូន​ រហូត​បាន​ក្លាយ​ជា​គណៈកម្មការ​កម្មវិធី X Factor ទាំង​ពីរ​នាក់។ ប៉ុន្តែ​​រឿង​ល្អៗ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០១៥ ពេល​ដែល​ Kills បាន​ជួប​នឹង​បេក្ខជន​ឈ្មោះ Joe Irvine។

Joe Irvine

នៅ​ពេល​ទស្សនា​ការ​សម្ដែង​របស់​បេក្ខជន​ខាង​លើ​រួច​ Kills បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន ដោយ​យល់​ថា​ Irvine មាន​ចេតនា​ចម្លង​តាម​ស្ទីល​ស្វាមី​របស់​ខ្លួន ចាប់​តាំង​ពី​ការ​ច្រៀង រហូត​ដល់​ការ​តុប​តែង​ខ្លួន។

ពេល​នោះ Kills បាន​និយាយ​ដូច​នេះ ៖ "លោក​​លោក​ស្រី អ្នក​នាង​កញ្ញា ខ្ញុំ​នឹង​និយាយ​អំពី​ចំណុច​ដែល​ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក គឺ​យើង​កំពុង​តែ​មាន​មនុស្ស​ក្លែង​បន្លំ​ម្នាក់”។ នាង​បាន​បន្ត​ទៀត​ថា ៖ "ខ្ញុំ​ពិត​ជា​ខ្ពើម​រអើម​ខ្លាំង​ណាស់ លើ​ការ​ខំ​ធ្វើ​តាម​ប្ដី​របស់​ខ្ញុំ។ ចាប់​តាំង​ពី​សក់​ ដល់​សំលៀកបំពាក់។ អ្នក​សម​នឹង​ត្រូវ​គេ​សើច​ចំអក។ ពិត​ជា​ថោក។ ពិត​ជា​គួរ​ឲ្យ​ខ្ពើម”។

ទោះ​បី​មហាជន​បាន​ចាប់​ផ្ដើម​បង្ហាញ​ប្រតិកម្ម​មិន​​យល់​ស្រប​ ប៉ុន្តែ​គណៈកម្មការ​រូប​នេះ​នៅ​បន្ត​និយាយ​ថា​ ៖ "ខ្ញុំ​ផ្ទាល់ គិត​ថា​វា​អន់​ខ្លាំង​ណាស់។ ពិត​ជា​គួរ​ឲ្យ​អាម៉ាស់​មែន”។

​​​​​ចំណែក​ Moon ដែល​ជា​ស្វាមី​របស់ Kills បាន​បន្ថែម​ពាក្យ​សម្ដី​ថា ៖ "ខ្ញុំ​មាន​អារម្មណ៍​ថា​ អ្នក​ដូច​ចង់​ដេរ​ស្បែក​របស់​អ្នក​ដទៃ ដាក់​លើ​មុខ​របស់​អ្នក ហើយ​សម្លាប់​គ្រប់​គ្នា​ដែល​កំពុង​ទស្សនា”។

ក្រោយ​រឿង​ហេតុ​នេះ Kills និង Moon ត្រូវ​គេ​បញ្ឈប់​ពី​កម្មវិធី​ភ្លាម​ ក្នុង​រយៈពេល ២៤ ម៉ោង ដោយ​​ក្រុមហ៊ុន​ផលិត​កម្មវិធី​នេះ​បាន​បង្ហោះ​សារ​និយាយ​ថា ៖ "យើង​បាន​សម្រេច​ថា​ Natalia Kills និង Willy Moon លែង​សក្ដិសម​ជា​គណៈកម្មការ​ X Factor NZ និង​បាន​ដក​ចេញ​ពី​កម្មវិធី​ហើយ​​”។

រំលង​ផុត​ប៉ុន្មាន​ឆ្នាំ ​រឿង​ហេតុ​ក្នុង​កម្មវិធី X Factor នេះ នៅ​បន្ត​ជះ​ឥទ្ធិពល​ដល់​អាជីព​​ក្នុង​សិល្បៈ​របស់ Natalia Kills និង​ស្វាមី​ដដែល៕

ចុចអាន៖ នេះហើយ បច្ចេកទេសធ្វើឲ្យ Will Smith មានមុខក្មេងដូចអាយុ ២៣ ឆ្នាំ

ប្រភព៖ Nicki Swift ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;