ចំណាយ​ពេល​រាប់​ខែ ទី​បំផុត​រថយន្ត​ប្រណិត​របស់​កូន ព្រាប សុវត្ថិ បាន​ដឹក​ពី​អាមេរិក​មក​ដល់​ផ្ទះ​ហើយ

  • 2019-08-16 04:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ចំណាយ​ពេល​រាប់​ខែ​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន ទី​បំផុត​រថយន្ត​ប្រណិត​របស់​កូន​ប្រុស​ទី ២ លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នី​នាគ ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ​នោះ បាន​ដឹក​មក​ដល់​ផ្ទះ​របស់​គេ​នៅ​ស្រុក​ខ្មែរ​ហើយ។

រថយន្ត​ប្រណិត​ខាង​លើ គឺ​ម៉ាក DODGE challenger srt demon 2018 ដែល​ជា​រថយន្ត​ទំនើប​និង​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ។ រថយន្ត​នេះ លោក ព្រាប សុវត្ថិ បាន​ទិញ​ធ្វើ​កាដូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៅ​កូន​ប្រុស​ទី​២​របស់​លោកក្នុង​ពេល​ទៅ​សម្ដែង​នៅ​អាមេរិក​កាល​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ចំពោះ​តម្លៃ គឺ​ពិត​ជា​មិន​ធម្មតា​ឡើយ ដល់​ទៅ​២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ដែល​នេះ​គឺ​ជា​តម្លៃ​ចេញ​ពី​រោងចក្រ​តែ​ម្ដង។

នៅ​គ្រា​នោះ មុន្នី​នាគ ប្រាប់​ថា រូប​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​ចំពោះ​អំណោយ​នេះ ដោយ​នឹក​មិន​ដល់​ឡើយ​ថា លោក​ឪពុក​លោក ទិញ​រថយន្ត​ដ៏​ទាន់​សម័យ​នេះ​ជា​កាដូ​សម្រាប់​​លោក​ឡើយ។ ក្រោយ​ពី​ទិញ​ភ្លាម សុវត្ថិ មុន្នីនាគ មិន​បាន​ប្រើ​រថយន្ត​នេះ​នៅ​លើ​ទឹក​ដី​អាមេរិក​នោះ​ទេ ពោល​គឺ​លោក​បាន​ឲ្យ​ក្រុមហ៊ុន​រៀប​ចំ​ដឹក​យក​មក​ស្រុក​ខ្មែរ​ភ្លាម​ៗ​តែ​ម្ដង ដោយ​លោក និង​ក្រុម​គ្រួសារ​បន្ត​នៅ​សម្ដែង​នៅ​លើ​ទឹក​ដី​លោក ដូណាល់ ត្រាំ បន្ត​ទៀត។

គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ប្រមាណ​ជា ៥ខែ ទើប​រថយន្ត​ប្រណិត​ពេញ​និយម​សម្រាប់​យុវវ័យ​បាន​ដឹក​មក​ដល់​គោលដៅ​ជា​ស្ថាពរ។ កូន​ប្រុស​ទី២ ប្រាប់​ថា ពិត​ជា​ល្អ​ណាស់ ដែល​រថយន្ត​មួយ​នេះ បាន​ចូល​មក​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ចំ​ថ្ងៃ​ល្អ​ថែម​ទៀត។ លោក​ថ្លែង​ថា៖ "សំណព្វ​ចិត្ត​បាន​មក​ដល់​ហើយ​បាទ! ចំ​ថ្ងៃ​ពិសេស សែន​ក្បាល​ទឹក”។

រូបភាព៖ ហ្វេសប៊ុក មុន្នីនាគ

សុវត្ថិ មុន្នី​នាគ និង​ក្រុម​គ្រួសារ​មាន បង​ប្អូន​ទាំង​ពីរ ព្រម​ទាំង​ឪពុក​ម្ដាយ ត្រូវ​បាន​ក្រុម​អ្នក​ឧបត្ថម្ភ​ដែល​មាន​លោក ហង្ស ឈា សុភា ដេវីត និង រួម​ជាមួយ Rising Star Entertainment ហៅ​ទៅ​សម្ដែង​នៅ​អាមេរិក​ដោយ​បាន​ចេញ​ដំណើរ កាល​ពី​ថ្ងៃ​ទី ២១ មីនា ២០១៩។ ពួក​គេ​បាន​ត្រឡប់​មក​វិញ​នៅ​ដើម​ខែ មិថុនា។ សម្រាក​នៅ​ប្រទេស​កំណើត​បាន​ប្រមាណ​មួយ​ខែ ពួក​គេ​បាន​ចេញ​ដំណើរ​បន្ត​ទៅ​ប្រទេស​អូស្ត្រាលី​ទៀត។

ក្រោយ​ចំណាយ​ប្រមាណ​១​ខែ​លើ​ទឹក​ដី​សត្វ​កង់ហ្គូរូ ឪពុក កូន ព្រាប សុវត្ថិ បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៦ សីហា។ ចុង​ក្រោយ​បំផុត​រថយន្ត​ប្រណិត ដែល​ជា​សំណព្វ​ចិត្ត​របស់ មុន្នីនាគ ក៏​មក​ដល់​ដែរ ដោយ​ចំ​ថ្ងៃ​ពិសេស​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;