ក្រសួងទេសចរណ៍៖ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារលើកទី ១ នៅកម្ពុជា
- 2019-08-20 01:41:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍៖ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារលើកទី ១ នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។
សន្និសីទអន្តរជាតិលើកទី១នេះ ស្តីពី «ទេសចរណ៍ម្ហូបអាហារកម្ពុជា លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» មានគោលដៅផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត។
លើសពីនេះដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្ដេច ហ៊ុន សែន។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្ដារាជធានី-ខេត្តនានាផងដែរ។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអញ្ជើញប្រតិបត្តិការទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ផ្នែករដ្ឋ ឯកជន និងស្ថាប័នពាក់ព័ន្ធនានា សហការចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
អត្ថបទ និងរូបភាព៖ ក្រសួងទេសចរណ៍
ចុចអាន៖