កសិដ្ឋាន​ចិញ្ចឹមចៀម​ធម្មជាតិ​កំពង់ឆ្នាំង​គ្រោង​ពង្រីក​ការចិញ្ចឹម​បន្ថែមរាប់​ពាន់​ក្បាល

  • 2019-08-21 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


<<៥​ពាន់ដុល្លារ​ជា​ដើម​ទុនដំបូង​របស់ វីរះ ក្នុង​របរ​ចិញ្ចឹម​សត្វ​ចៀម​>>

ស្ថិត​ក្នុង​ ភូមិ​ខ្វិត​ទួល​ឃ្លាំង​ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​ដែល​មាន​ចិញ្ចឹម​ចៀម​ជាង​៧០​ក្បាល​លក្ខណៈគ្រួសារ​គ្រោង​ពង្រីក​ការចិញ្ចឹម​បន្ថែម​រហូតដល់​រាប់​ពាន់​ក្បាល​នៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ។

ម្ចាស់​កសិដ្ឋាន​វ័យ​២៤​ឆ្នាំ​លោក​ ប៊ុន​ ចាន់​វីរះ​ បាន​បញ្ជាក់​ប្រាប់​ថា << ខ្ញុំ​ចិញ្ចឹម​នេះ​ជា​លក្ខណៈ​គ្រួសារ​ទេ ដំបូង​ឡើយ​ ខ្ញុំចិញ្ចឹម​សត្វ​ពពែ តែ​ដោយ​សារ​ពពែ​ជា​សត្វ​មិន​សូវ​ធន់​នឹង​អាកាសធាត​វា​ឈឺ​ច្រើន​ ទើប​ខ្ញុំ​ដូរ​មក​ចិញ្ចឹម​ចៀម​វិញ​​​។ ចៀម​វា​ធន់​នឹង​អាកាស​ធាតុ​​ ហើយ​វា​ស្រួល​ចិញ្ចឹម​ វា​ស៊ី​តែ​ស្មៅ​ធម្មជាតិ​ដែល​មាន​នៅទីនេះស្រាប់​ ហើយ​​ការទទួល​ផលក៏បាន​លឿន​​​ វា​ខុស​ពី​ការ​ចញ្ចឹម​មាន់​ ទា​ ជ្រូក​ ព្រោះ​វា​ត្រូវ​ការ​ទិញ​ចំណី​ដែល​ចំណាយ​ប្រាក់​ច្រើន​។>>

លោក​ ប៊ុន​ ចាន់​វីរះ ម្ចាស់​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​

<<មុននឹងមកនៅទីនេះខ្ញុំមិនមានចំណេះដឹងពីកសិកម្មទេ ខ្ញុំរៀនវាតាម​អ៉ិនណើណេតតែប៉ុណ្ណោះ>>

វីរះ​បន្ត​ថា​ កាល​ពី​ឆ្នាំ​២០១៧​​លោក​បាន​ទិញ​ពូជ​ចៀមមក​ពី​គេ​ប្រមាណ​ជា​១០​ក្បាល​មក​ចិញ្ចឹម​ រហូត​មក​ដល់​ខែ​សីហា​ ឆ្នាំ​២០១៩​នេះ​ចៀម​បាន​កើត​កូន​​ខ្លះធំ ខ្លះតូច កើន​ដល់​ ៧៧​ក្បាលហើយ បើ​គិត​ជា​មធ្យម​កំណើន​ក្នុង​មួយ​ឆ្នាំ​ចំនួនវាអាច​កើន​គុណ​នឹង​២​​នៃ​ចំនួន​ដើម​​​។​ ​ដោយ​ជា​ទូទៅ​សត្វ​ចៀម​អាច​ពពោះ​មាន​កូន​ក្នុង​មួយ​ឆ្នាំ​២​លើក​ ហើយ​ក្នុង​មួយ​លើក​អាច​បាន​កូន​១ ឬ​២​។

ក្នុង​មួយ​ខែ​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​នៅ​ស្រុក​ទឹក​ផុស​មួយ​នេះ​អាច​រក​ចំណូល​ជា​មធ្យម​ពី​ការ​លក់​បាន​ចន្លោះ​ពី​៥០០ដុល្លារ ទៅ​១ពាន់​ដុល្លារសហរដ្ឋ​អាម៉េរិក​តែ​ប៉ុណ្ណោះ។ << ចំនួន​នេះ​វា​ហាក់​នៅ​ទាប​ បើ​មាន​ការ​កម្មង់​ទិញ​ច្រើន​​ជាង​នេះ​ពិត​ជា​ល្អ​ ព្រោះ​ខ្ញុំ​មាន​​កម្រោង​​​ពង្រីក​ការ​​​ចញ្ចឹម​សត្វ​ចៀម​នេះឲ្យ​បាន​ ពី១ពាន់ ​ទៅ ​២ពាន់​ក្បាល​ក្នុង​កសិដ្ឋាន​ដោយ​ទិញ​មេ​មក​បង្កាត់​បន្ថែម​ប្រហែល៣ ទៅ៤ឆ្នាំទៅមុខ។>>

<< កំណើនតម្រូវ​ការ​ទី​ផ្សារ​កាន់​តែ​រីក​ ការ​បង្កើន​ការ​ផលិត​កាន់តែ​រីក​ទៅ​មុខ>>

ក្រៅ​ពី​ចិញ្ចឹម​ដើម្បី​លក់​ម្ចាស់​កសិដ្ឋាន​​​វ័យ​ក្មេង​មាន​ដើម​កំណើត​ចេញ​ពី​ភ្នំពេញ​រូប​នេះ​ក៏​គ្រោង​ចិញ្ចឹម​សម្រាប់​ផ្គត់​ផ្គង់​សម្រាប់​អាជីវកម្ម​រមណីយដ្ឋាន​របស់​ខ្លួន​នៅ​ទីតាំង​តែ​មួយ​របស់​ខ្លួន​ដែរ។​ ថ្ងៃ​មុខ​ទី​តាំង​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​ ឬOrganic Sheep Farm នេះ​នឹង​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ជាប់​បឹង​ធម្មជាតិ ជើង​ភ្នំ​មួយ​ពេញ​និយម​ ដែល​មាន​រៀបចំ​ជា​ទីតាំង​បោះ​ជំរំ​ ទូកណូអេ​ធំជាង​គេ​នៅ​កម្ពុជា​ ចម្ការ​បន្លែ​ ផ្លែឈើ​ហូប​ផ្លែច្រើន​ប្រភេទ​ កសិដ្ឋាន​ចញ្ចឹម​ឃ្មុំ​ កសិដ្ឋាន​ចិញ្ចឹម​ជន្លេន​ ដែល​នេះ​គឺ​ជា​គម្រោង​ធំ​របស់​ម្ចាស់​​សិដ្ឋាន​កូន​ចៀម​ធម្មជាតិ​លោក​ ប៊ុន​ ចាន់​វីរះ៕

តារាងតម្លៃនៃការលក់ចេញរបស់កសិដ្ឋានកូន​ចៀម​ធម្មជាតិ​

រូប និងវីដេអូផ្តល់សិទ្ធិដោយៈ លោក ប៊ុន ចាន់វីរះ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;