ដូណាល់ ត្រាំ ថានឹងជួយសម្រួលមេ Apple ប្រកួតនឹង Samsung
- 2019-08-22 02:02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ ថានឹងជួយសម្រួលមេ Apple ប្រកួតនឹង Samsung
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទួលទានអាហារពេលល្ងាចជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook ដើម្បីនិយាយអំពីផលប៉ះពាល់កើតមានចំពោះជំនួញ Apple ពីការកំណត់យកពន្ធនាំចូល។
ក្នុងបទសម្ភាសន៍ក្រៅសេតវិមាននាថ្ងៃនេះ លោក ត្រាំ បាននិយាយលម្អិតបន្ថែមទៀតអំពីទំនាក់ទំនងរបស់ខ្លួនជាមួយលោក Tim Cook។ លោក ត្រាំ បានពន្យល់ថាហេតុផលដែលធ្វើឲ្យទំនាក់ទំនងលោកជាមួយលោក Tim Cook ពិសេសប្លែកគេ គឺត្រង់ថាមេ Apple តែងតេទូរសព្ទទៅកាន់លោក ដោយផ្ទាល់។
លោកប្រធានាធិបតីនិយាយថានេះជាចំណុចខុសប្លែកមួយ វាខុសប្លែកពីទំនាក់ទំនងដែលលោកមានជាមួយនាយកក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត។ លោកត្រាំ បានលើកឡើងដូចនេះ ៖ "អ្នកផ្សេងទៀតទៅរក ឬ ជួលអ្នកប្រឹក្សាយោបល់ដែលស៊ីថ្លៃ។ Tim Cook វិញ តេទូរសព្ទមក ដូណាល់ ត្រាំ ដោយផ្ទាល់តែម្ដង”។
លោក ដូណាល់ ត្រាំ បានបន្តលើកឡើងដែរថា ៖ "បញ្ហានោះគឺ Samsung ជាគូប្រជែង គូប្រជែងរបស់ គាត់ (Tim Cook) មិនត្រូវបង់ពន្ធនាំចូល ហើយ Tim Cook ត្រូវបង់ពន្ធ។ ខ្ញុំត្រូវជួយគាត់ (Tim Cook) ក្នុងរយៈពេលខ្លី ព្រោះថាវាគឺក្រុមហ៊ុនអាមេរិកល្អមួយ”។
គួរដឹងថារដ្ឋបាលលោក ត្រាំ មានគម្រោងនឹងយកពន្ធ ១០% លើផលិតផលនាំពីចិនចូលអាមេរិក ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដែលមានរួមបញ្ចូលផលិតផល Apple ស្ទើរគ្រប់មុខ។ ក្រោយមកសេតវិមានបានប្រកាសពីផែនការពន្យារពេលការយកពន្ធនេះលើផលិតផលមួយចំនួន រួមមានទូរសព្ទ និងកុំព្យូទ័រយួរដៃ រហូតដល់ខែធ្នូ៕
ចុចអាន ៖ មេ Apple រអ៊ូប្រាប់លោក ដូណាល់ ត្រាំ ថាពិបាកប្រកួតនឹង Samsung