សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ចូលរួមពង្រឹងសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងតំបន់អាស៊ាន
- 2019-08-26 13:09:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ចូលរួមពង្រឹងសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងតំបន់អាស៊ាន
ចន្លោះមិនឃើញ
សិក្ខាសាលាស្តីពីការបើកដំណើរការគម្រោង ការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISES Plus Cambodia) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ គម្រោងនេះ ជាការផ្តល់ហិរញ្ញប្បទានរួមគ្នាពីសហភាពអឺរ៉ុប និងក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) ដែលអនុវត្តដោយ GIZ របស់អាល្លឺម៉ង់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ក្នុងទឹកប្រាក់ប្រមាណ ៩,៣៥លានអឺរ៉ូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គម្រោងនេះ នឹងគាំទ្រដល់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធដទៃទៀត ក្នុងរបៀបវារៈអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងធ្វើការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
គម្រោង ARISES Plus Cambodia នឹងជួយធ្វើឲ្យប្រសើរឡើងពន្ធគយ ការសម្រួលពាណិជ្ជកម្ម និងស្តង់ដា និងការពង្រឹងសមត្ថភាពស្ថាប័ន ការអនុវត្តបទប្បញ្ញត្តិ រួមទាំងបង្កើនការចូលរួមរបស់វិស័យឯកជន តាមរយៈសមាគមសេដ្ឋកិច្ចអាស៊ានផងដែរ។ គម្រោងនេះ ក៏ជួយបំពេញនូវការតាំងចិត្តរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) អង្គការពាណិជ្ជកម្មពិភពលោក និងចូលរួមចំណែកដល់ការអនុវត្តដោយជោគជ័យនៃយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មថ្មី (២០១៩-២០២៣) របស់កម្ពុជាផងដែរ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលផុតអាណត្តិ បានថ្លែងថា ជំនួយសហភាពអឺរ៉ុបទាក់ទងនឹងពាណិជ្ជកម្មបានជួយផ្តល់ភាពស្រួលដល់នីតិវិធីការនាំចេញ និងនាំចូលមកកម្ពុជា ព្រមទាំងស្វ័យប្រវត្តិកម្មគយផងដែរ។ សមាសភាគជាតិនៃគម្រោង ARISE Plus នេះ នឹងក្លាយជាគន្លឹះសំខាន់សម្រាប់កម្ពុជា ដើម្បីបំពេញការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការប្រកួតប្រជែងនៅក្នុងតំបន់។
បើតាមលោក Sascha Reebs លេខាធិការទី១ នៃស្ថានទូតអាល្លឺម៉ង់ ឱ្យដឹងថា សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូនឹងគ្នា ដោយបានចែករំលែកគុណតម្លៃ និងផលប្រយោជន៍លើពាណិជ្ជកម្មសេរី ការផ្លាស់ប្តូរអាកាសធាតុ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ អាស៊ាននឹងក្លាយតួអង្គអន្តរជាតិកណ្តាលមួយ នៅក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ ARISE Plus នឹងចូលរួមចំណែក ដោយការគាំទ្រសមាហរណកម្មសេដ្ឋកិច្ចនៃតំបន់។
ARISE Plus នឹងធ្វើឡើងស្របជាមួយនឹងអាទិភាព និងសកម្មភាព ក្រោមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ពីឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្តសម្រាប់កំណែទម្រង់ និងទំនើបកម្មគយ (SCRM) ពីឆ្នាំ២០១៩-២០២៣។
សូមជម្រាបថា គម្រោង ARISE Pus Cambodia គឺជាផ្នែកមួយនៃកម្មវិធីតំបន់ស្តីអំពីការគាំទ្រសមាហរណកម្មតំបន់អាស៊ាននៃសហភាពអឺរ៉ុប ដែលរួមមាន៖ គម្រោង ARISE Plus ប្រចាំតំបន់ ប្រតិបត្តិការចេញពីទីស្នាក់ការកណ្តាលអាស៊ាន ក្នុងក្រុងហ្សាការតា និងគម្រោង ARISE Plus ទ្វេភាគីជាច្រើនទៀត ក្នុងសមាជិកអាស៊ានដែលត្រូវបានជ្រើសរើស៕